ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានបញ្ឈប់ការត្រួត ពិនិត្យអធិការកិច្ចពិធីសារ បន្ថែមរបស់ IAEA ប្រសិនបើភាគីនុយក្លេអ៊ែរ មិនអនុវត្តការប្តេជ្ញាចិត្ត 

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រសិនបើភាគីនានានៃផែនការសកម្មភាពចម្រុះ (JCPOA) ដែលជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ មិនគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ នោះអ៊ីរ៉ង់ នឹងបញ្ឈប់ការត្រួតពិនិត្យ ដែលពាក់ព័ន្ធនឹងពិធីសារបន្ថែមរបស់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ។

អ្នកនាំពាក្យ Saeed Khatibzadeh បានលើកឡើងថា“ ច្បាប់សកម្មភាពនៃយុទ្ធសាស្ត្រ (ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម) របស់សភាគឺច្បាស់ណាស់ ប្រសិនបើភាគី JCPOA ខកខានមិនបានអនុវត្តតាមកាតព្វកិច្ចរបស់ពួកគេ អ៊ីរ៉ង់គួរតែបញ្ឈប់ការត្រួតពិនិត្យ ដែលពាក់ព័ន្ធនឹងពិធីសារបន្ថែមរបស់ IAEA ដែលអ៊ីរ៉ង់ កំពុងអនុវត្តដោយស្ម័គ្រចិត្ត” ។

លោកបានលើកឡើងថា“ ទោះយ៉ាងណាកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ ជាមួយ IAEA នឹងមិនត្រូវបានផ្អាកនោះទេ ហើយវាមិនមានន័យថាការបណ្តេញអធិការកិច្ចរបស់ IAEA ជាទូទៅនោះទេ ប៉ុន្តែវាមានន័យថា ការបញ្ឈប់ការត្រួតពិនិត្យដែលទាក់ទងនឹងពិធីសារបន្ថែម” ។

កាលពីដើមខែនេះ អ៊ីរ៉ង់ បានចាប់ផ្តើមដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ ដែលជាផ្នែកមួយនៃផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងទណ្ឌកម្ម ដែលត្រូវបានអនុម័តដោយសភាកាលពីខែធ្នូ ឆ្នាំ២០២០៕ដោយ ឈូក បូរ៉ា

To Top