បរទេស៖ មន្ត្រីមួយរូបបាននិយាយនៅថ្ងៃពុធថា ប្រធានបក្ស និងជាប្រធានាធិបតី គឺលោក ង្វៀនភូទ្រុង ត្រូវបានគេផ្តល់អនុសាសន៍ ឱ្យជាប់ឆ្នោតជាថ្មី នៅក្នុងថ្នាក់ដឹកនាំនៃប្រទេស វៀតណាមបន្តទៀត។
លោក Hau A Lenh អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម បានថ្លែងនៅខាងក្រៅ សមាជបក្សលើកទី ១៣ ថា « អគ្គលេខាធិការបក្ស និងជាប្រធានាធិបតី ង្វៀនភូទ្រុង បច្ចុប្បន្នមានអាយុចាស់ ជាងអាយុ ដែលគេបានកំណត់ ប៉ុន្តែត្រូវបានគេតែងតាំង ឱ្យជាប់ឆ្នោតឡើងវិញ» ។ លោកមានអាយុ ៧៧ ឆ្នាំ ត្រូវបានជ្រើសតាំងជាប្រធានបក្ស ២ ដង ក្នុងឆ្នាំ ២០១១ និង ២០១៦ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា បទប្បញ្ញត្តិបច្ចុប្បន្នរបស់បក្សកុម្មុយនិស្តវៀតណាមបានចែងថា លេខាបក្សម្នាក់ នឹងកាន់តំណែងមិនលើសពីពីរអាណត្តិឡើយ។
សមាជបក្សលើកទី ១៣ បានបើកជាផ្លូវការហើយកាលពីថ្ងៃអង្គារ។ ព្រឹត្តិការណ៍នយោបាយ ដែលមានរយៈពេល ៩ ថ្ងៃនៅក្នុងប្រទេសនឹងជ្រើសរើសការដឹកនាំថ្មីសម្រាប់បក្ស រដ្ឋ និងរដ្ឋសភា សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ក្រៅពីបញ្ចប់គោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១-២៥ និងទិសដៅរហូតដល់ឆ្នាំ ២០៣០ ដែលមានចក្ខុវិស័យឆ្ពោះទៅឆ្នាំ ២០៤៥ ។
សមាជបានទាក់ទាញការចូលរួមខ្ពស់បំផុត រហូតមកដល់ពេលនេះមានប្រតិភូចំនួន ១ ៥៨៧ នាក់ តំណាងឱ្យសមាជិកបក្សចំនួន ៥,១ លាននាក់មកពីទូទាំងប្រទេស៕
ប្រែសម្រួលៈ ណៃតុលា