ព័ត៌មានអន្តរជាតិ

Larry King សម្ភាសបុគ្គលល្បី ជាង ៥ម៉ឺននាក់ ក្នុងវិស័យព័ត៌មាន

Larry King គឺជាបុគ្គលិកអនាម័យ និងធ្វើការងារផ្សេងៗ តែដោយសារចៃដន្យអ្នកផ្សាយវិទ្យុម្នាក់ បានលាឈាប់ភ្លាមៗ ពេលនោះ លោក King ក៏ត្រូវបានគេដាក់ឲ្យផ្សាយជំនួសភ្លាម នៅលើរលកធាតុអាកាស (on air) ដោយគាត់ធ្វើជា DJ (Disc Jockey) ឬ អ្នកចាក់ឌីស ពីម៉ោង ៩ព្រឹក ដល់ថ្ងៃត្រង់ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ១៩៥៧ ដែលជាថ្ងៃដំបូងបំផុតក្នុងឆាកជីវិតរបស់គាត់ នៃអាជីពវិស័យព័ត៌មានមួយនេះ។ ចាប់ពីពេលនោះមក គាត់ក៏ធ្វើជា DJ ជាប់រហូត ហើយគាត់ក៏បានធ្វើការចាក់ផ្សាយព័ត៌មានផ្សេងៗ និងព័ត៌មានកីឡាពេលថ្ងៃត្រង់ផងដែរ។

លោក Larry King ដែលឈ្មោះដើមកំណើត Lawrence Harvey Zeiger កើតនៅថ្ងៃទី ១៩ ខែវិឆ្ចិកា ឆ្នាំ ១៩៣៣ ដែលត្រូវបានពិភពលោកស្គាល់គាត់ ជាពិធីករដ៏ល្បីល្បាញ នៅក្នុងកម្មវិធីទូរទស្សនិងវិទ្យុរបស់អាម៉េរិក ដែលបានសម្ភាសមនុស្សជាង ៥ម៉ឺននាក់ តាំងពីប្រធានាធិបតីទី៣៨ លោក Gerald Fold រហូតដល់លោក Barack Obama និងបេក្ខជនប្រធានាធិបតី តារាល្បី ៗ កីឡាករ កីឡាការិនី តារាភាពយន្ត និងមនុស្សប្រចាំថ្ងៃផ្សេងៗជាច្រើនទៀត។

គាត់បានចូលនិវត្តន៍នៅឆ្នាំ២០១០ បន្ទាប់ពីធ្វើការនៅសារព័ត៌មាន CNN អស់រយៈពេល ២៥ឆ្នាំ ដោយបានថតកម្មវិធីជាង ៦០០០វគ្គ (episode)។ អស់រយៈពេល ៦៣ ឆ្នាំនៃអាជីពមួយនេះ នៅទូទាំងវេទិកាវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ពានរង្វាន់ និងការអបអរសាទររាប់មិនអស់ (រាប់ពាន់) របស់លោក Larry ជាសក្ខីភាពនៃទេពកោសល្យដ៏ពិសេសនិងយូរអង្វែងរបស់គាត់។

តែជាអកុសល នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ លោកត្រូវបានទទួលមរណភាព ដោយពុំមានបញ្ជាក់ពីមូលហេតុពិតប្រាកដ នៅក្នុងវ័យ ៨៧ឆ្នាំ។ ប្រភពដែលជិតស្និទ្ធនឹងក្រុមគ្រួសារបានឲ្យដឹងថា King ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារឆ្លងជំងឺកូវីដ១៩ កាលពីចុងខែធ្នូនៅឯ Cedars-Sinai ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយត្រូវបានគេបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់គាត់ (verify page) បានប្រកាសអំពីការស្លាប់របស់គាត់។ កូនប្រុសរបស់គាត់គឺលោក Chance ក៏បានបញ្ជាក់ពីមរណភាពរបស់លោក King ផងដែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ ជាមួយនឹងការសោកសៅយ៉ាងខ្លាំង Ora Media សូមប្រកាសមរណភាពនៃសហស្ថាបនិកម្ចាស់ពិធីករ និងមិត្តភក្តិរបស់យើងឈ្មោះ Larry King ដែលបានទទួលមរណភាពនៅព្រឹកនេះក្នុងអាយុ ៨៧ ឆ្នាំ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedars-Sinai នៅ Los Angeles។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់ឡើយ៕ដោយ៖ ណៃ តុលា

To Top