ព័ត៌មានអន្តរជាតិ

នៅយូអិន អាមេរិកអះអាងគាំទ្រ ដំណោះស្រាយរដ្ឋពីរ នៅតំបន់មជ្ឈិមបូព៌ា

បរទេស៖ ប្រេសិតស្តីទី របស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងប្រាប់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គាំទ្រដំណោះស្រាយរដ្ឋពីរ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន និងបដិសេធចោលទាំងស្រុង នូវការសម្រេចចិត្ត របស់រដ្ឋបាលលោក ត្រាំ។

ប្រេសិតអាមេរិកស្តីទី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Richard Mills បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងវ៉ាស៊ីនតោន នឹងជំរុញឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន ចៀសវាងវិធានការឯកតោភាគីនានា ដែលធ្វើឲ្យដំណោះស្រាយរដ្ឋពីរ មានភាពកាន់តែលំបាកខ្លាំងឡើង ដូចជាការដាក់ឧបសម្ព័ន្ធទឹកដី សកម្មភាពតាំងភូមិលំនៅស្ថាន សកម្មភាពកម្ទេចចោល ការញុះញង់ឲ្យមានអំពើហិង្សា និងការផ្តល់សំណងដល់បុគ្គល ដែលជាប់ព័ន្ធនាគារ ពីបទប្រព្រឹត្តអំពើភេរវកម្ម។

តាមសេចក្តីរាយការណ៍ លោក Richard Mills បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងសង្ឃឹមថា វានឹងទៅរួចដើម្បីចាប់ផ្តើមធ្វើការងារ ដើម្បីកសាងយឺតៗ នូវភាពអត់ធ្មត់នៅទាំងសងខាង ដើម្បីបង្កើតបរិយាកាសមួយ ដែលយើងអាចជួយជាថ្មី ជំរុញឲ្យមានដំណោះស្រាយមួយ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top