ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន នឹងពិនិត្យឡើងវិញនូវទណ្ឌកម្ម លើមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

បរទេស៖ រដ្ឋបាលលោក បៃដិន នឹងពិនិត្យដោយហ្មត់ចត់ឡើងវិញ នូវទណ្ឌកម្មអាមេរិក លើមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលត្រូវបានដាក់ ជុំវិញការស៊ើបអង្កេត ចំពោះកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថាន នេះបើយោងតាម សម្តីមន្ត្រីនាំពាក្យក្រសួងការបរទេសមួយរូប ប្រាប់ឲ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះ។

នៅក្នុងសំណេរឆ្លើយតបមួយ មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “ដូចដែលយើងមិនយល់ស្រប នឹងសកម្មភាពរបស់អាយស៊ីស៊ី ពាក់ព័ន្ធនឹងស្ថានភាព នៅអាហ្វហ្គានីស្ថាន និងអ៊ីស្រាអែល ឬក៏ប៉ាឡេស្ទីនដែរនោះ ទណ្ឌកម្ម នឹងត្រូវបានយកមកពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ស្របពេលយើង ធ្វើការកំណត់ជំហានបន្ទាប់របស់យើង”។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កាលពីឆ្នាំមិញនេះ បានចោទប្រកាន់សាលាក្តីដែលមានមូលដ្ឋាន នៅក្នុងទីក្រុងឡាអេនោះ ពីបទរំលោភ លើអធិបតេយ្យភាពជាតិសហរដ្ឋអាមេរិក នៅពេលដែលចេញការអនុញ្ញាត ឲ្យស៊ើបអង្កេត ចំពោះឧក្រិដ្ឋកម្មសង្គ្រាម ដែលបានធ្វើឡើង ដោយកងកម្លាំងអាហ្វហ្គានីស្ថាន ពួកតាលីបង់ ឬក៏ដោយកងទ័ពសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top