ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អំពាវនាវឱ្យអាមេរិក បញ្ឈប់ការដាក់ទណ្ឌកម្មផ្នែកធនាគារ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

តេអេរ៉ង់៖ អ្នកនាំពាក្យអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់រំពឹងថា សហរដ្ឋអាមេរិក នឹងដកទណ្ឌកម្មយ៉ាងឆាប់រហ័ស លើវិស័យធនាគាររបស់អ៊ីរ៉ង់ ដូច្នេះខ្លួនអាចទទួលបានទ្រព្យសម្បត្តិផ្ទាល់ខ្លួន នៅបរទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ។

លោក Ali Rabiei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា “គេរំពឹងថា (រដ្ឋាភិបាលអាមេរិកថ្មី) នឹងដកការផ្ទេរធនធានប្តូរប្រាក់បរទេស ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ និងបញ្ចប់ការដាក់ទណ្ឌកម្មធនាគារយ៉ាងឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យអ៊ីរ៉ង់ ទទួលបានទ្រព្យសម្បត្តិហិរញ្ញវត្ថុ របស់ខ្លួនឡើងវិញ” ។

ការអំពាវនាវខាងលើនេះ ធ្វើឡើងដោយអ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់ នៅពេលធ្វើអត្ថាធិប្បាយ អំពីផែនការរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃមេរោគនេះ។

ឆ្លើយនឹងសំនួរថាតើអាជ្ញាធរអ៊ីរ៉ង់ មានទំនាក់ទំនងជាមួយរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក ឬយ៉ាងណានោះ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា គ្មានការទាក់ទងបែបនេះ ត្រូវបានបង្កើតឡើងនោះទេ ហើយទីក្រុងតេអេរ៉ង់ ក៏មិនមានផែនការផ្តួចផ្តើម កិច្ចពិភាក្សាណាមួយនៅពេលនេះដែរ។

ផ្ទុយទៅវិញ លោកបានឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងរង់ចាំមើលគោលនយោបាយផ្លូវការ របស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការវិលត្រឡប់ ទៅការប្តេជ្ញាចិត្តរបស់ខ្លួន និង “ការដកទណ្ឌកម្មខុសច្បាប់របស់ខ្លួន ដែលជាផ្នែកមិនអាចបំបែកបាន នៃការប្តេជ្ញាចិត្តទាំងនោះ”៕ ដោយ៖ ឈូក បូរ៉ា

To Top