ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបជាមួយសមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ហើយពួកគេបានសង្កត់ធ្ងន់ លើភាពចាំបាច់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងដោះស្រាយ បញ្ហានយោបាយការបរទេសសំខាន់ៗ ក្នុងចំណោមរឿងជាច្រើនទៀត។
លោក Lavrov បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សា ជាមួយលោក Zarif ថា“ ថ្ងៃនេះបញ្ហាសំខាន់មួយគឺភារកិច្ច នៃការជួយសង្គ្រោះផែនការសកម្មភាពរួម (JCPOA) ស្តីពីការដោះស្រាយ កម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់”។
លោកបានបន្ថែមថា“ យើងរួមជាមួយអ៊ីរ៉ង់ មានការចាប់អារម្មណ៍យ៉ាងស្មោះស្ម័គ្រ ចំពោះការវិលត្រឡប់ របស់ប្រទេសហត្ថលេខីទាំងអស់របស់ JCPOA ក្នុងការអនុវត្តនូវកាតព្វកិច្ចរបស់ពួកគេ” ។
លោក Lavrov បានសម្តែងក្តីសង្ឃឹមថា រាល់កិច្ចប្រឹងប្រែង ដែលមានគោលបំណង ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងផ្តល់លទ្ធផល ហើយសហរដ្ឋអាមេរិក នឹងវិលត្រឡប់មក អនុវត្តសេចក្តីសម្រេចចិត្តលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលើ JCPOA វិញ៕ ដោយ៖ ឈូក បូរ៉ា