វ៉ាស៊ីនតោន៖ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារបាន ព្រមព្រៀងពង្រីកសន្ធិសញ្ញា ដែលនៅសល់ចុងក្រោយ ដោយដាក់កម្រិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសទាំងពីរ ដោយភាគីទាំងសងខាងផ្តល់សញ្ញាវិជ្ជមាន លើការចុះហត្ថលេខា សម្រាប់រយៈពេល ៥ឆ្នាំទៀត។
កិច្ចព្រមព្រៀង ស្តីពីសន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្រ្តថ្មី ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ ត្រូវបានសម្រេចនៅពេលលោក បៃដិន ធ្វើការពិភាក្សាតាមទូរស័ព្ទ លើកដំបូងជាមួយលោកពូទីន បន្ទាប់ពីចូលកាន់តំណែង កាលពីថ្ងៃពុធសប្ដាហ៍មុន។
សេតវិមានបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពី “ឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងការបន្តនូវ NEW START រយៈពេល ៥ឆ្នាំ ដោយយល់ព្រមឲ្យក្រុមការងារទ្វេភាគី ធ្វើការជាបន្ទាន់ ដើម្បីបញ្ចប់ការបន្តនៅថ្ងៃទី៥ ខែកុម្ភៈ” ។
យោងតាមរដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា ប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារ ទាក់ទងនឹងការពង្រីកសន្ធិសញ្ញា ហើយនឹងបញ្ចប់នីតិវិធីចាំបាច់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
NEW START ដែលបានចូលជាធរមាន ក្នុងខែកុម្ភះឆ្នាំ២០១១ មានរយៈពេល ១០ ឆ្នាំហើយឲ្យដឹងថា ភាគីអាចយល់ព្រមបន្តរយៈពេល នេះមិនលើសពី ៥ឆ្នាំ ៕
ដោយ ឈូក បូរ៉ា