បរទេស៖ លោក Joe Biden បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងបង្កើនកម្មវិធីចាក់វ៉ាក់សាំង ដើម្បីឱ្យប្រជាជនអាមេរិកភាគច្រើន អាចចាក់ថ្នាំបង្ការនៅចុងរដូវក្តៅ ឬដើមរដូវស្លឹកឈើជ្រុះខាងមុខ។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅរសៀលថ្ងៃអង្គារនេះ ក្នុងសន្និសីទកាសែត នៅសេតវិមានថា “វ៉ាក់សាំងនេះនឹងគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំង ដល់ជនជាតិអាមេរិកចំនួន ៣០០លាននាក់ នៅចុងបញ្ចប់នៃរដូវក្តៅ” ។
រដ្ឋបាលថ្មីនឹងបង្កើនការផ្គត់ផ្គង់ វ៉ាក់សាំងដល់រដ្ឋដោយប្រើជម្រើស ដើម្បីទិញវ៉ាក់សាំងសរុបចំនួន ២០០ ដូស ពីក្រុមហ៊ុន Pfizer និង Moderna ហើយនឹងផ្តល់ពេលវេលា បន្ថែមទៀតដល់រដ្ឋនានា លើចំនួនវ៉ាក់សាំងដែលវានឹងផ្តល់ជូន។
ផែនការបន្ទាន់របស់រដ្ឋបាលគឺ ដើម្បីពន្លឿនការចែកចាយវ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងឱ្យ បានដល់ប្រជាជនប្រហែល ១,៤ លាននាក់ក្នុងមួយថ្ងៃ និង ១០លានដូស ក្នុងមួយសប្តាហ៍សម្រាប់ ៣ សប្តាហ៍បន្ទាប់ ដែលជាផ្នែកមួយនៃមហិច្ឆិតា ដែលបានបញ្ជាក់ពីមុនក្នុងសេតវិមាន ក្នុងការចាក់វ៉ាក់សាំងប្រជាជន ១០០ លាននាក់ក្នុងរយៈពេល ១០០ ថ្ងៃ ៕
ប្រែសម្រួលៈ ណៃ តុលា