Covid-19

កូរ៉េខាងត្បូង ចង់ចែកថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យកូរ៉េខាងជើង

បរទេស៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង មានបំណងចង់ចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យដល់ប្រទេសកូរ៉េខាងជើង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង បន្តចំណងមិត្តភាព ជាមួយប្រទេសជិតខាងដែលមាន នុយក្លេអ៊ែរបស់ខ្លួនមួយនេះ។

ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ មានការយឺតយ៉ាវក្នុងការ ចាប់ផ្តើមបញ្ជាទិញថ្នាំវ៉ាក់សាំង ប៉ុន្តែវាទទួលបានការផ្គត់ផ្គង់ ឲ្យគ្រប់គ្រាន់ពីក្រុមហ៊ុនផលិត ដើម្បីចាក់ជូនមនុស្ស ៥៦លាននាក់ លើសពីគ្រប់ក្នុងការផ្តល់ជូន ប្រជាជនរបស់ខ្លួនចំនួន ៥២លាននាក់។

នៅក្នុងសន្និសីទស្តីពីគោលនយោបាយ ជាមួយអ្នកសារព័ត៌មានអន្តរជាតិ នៅក្នុងទីក្រុងសេអ៊ូល លោក Chung Sye-kyun បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ថ្នាំវ៉ាក់សាំងជាថ្នាំមានតម្លៃថ្លៃ ហើយប្រសិនបើកូរ៉េខាងជើង គ្មានលទ្ធភាពលើពួកវាទេ យើងចង់ជួយ គឺប្រទេសកូរ៉េខាងត្បូង ចង់សហការគ្នាជាមួយកូរ៉េខាងជើង ក្នុងមធ្យោបាយជាច្រើន ដែលរួមបញ្ចូលទាំងបញ្ហា សុខាភិបាលនិងមនុស្សធម៌” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top