បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ករណីឆ្លងថ្មី វីរុសកូវីដ១៩ ចំនួន ៧៥៦នាក់ទៀត ក្នុងនោះ ឆ្លងក្នុងសហគមន៍ចំនួន ៧៤៦ នាក់ និងការនាំចូលចំនួន ១០នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងវីរុសនេះ សរុបកើនឡើងដល់ ១៦ ២២១ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Apisamai Srirangsan ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពវីរុសកូវីដ-១៩ បាននិយាយថា មានករណីឆ្លងថ្មីចំនួន ៧២៤ ត្រូវបានរកឃើញតាមរយៈការស្វែងរក ករណីសកម្មនៅក្នុងសហគមន៍ និង ២២ ករណីផ្សេងទៀតត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ។
សូមជម្រាបថា ក្នុងចំណោមករណីឆ្លងសរុបចំនួន ១៦.២២១ នាក់ ថៃបានព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយចំនួន ១១ ២៨៧ នាក់ (៦៩.៥%) និងអ្នកជំងឺចំនួន ៤ ៨៥៨ នាក់ កំពុងទទួលការព្យាបាល ចំណែកអ្នកស្លាប់ដោយសារវីរុសនេះ គឺមានចំនួន ៧៦នាក ៕
ប្រែសម្រួលៈ ណៃ តុលា