តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន AstraZeneca Plc គ្រោងនឹងផលិតនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៩០ លានដូសនៅក្នុងប្រទេសជប៉ុន ឬប្រហែល ៧៥ ភាគរយនៃអ្វីដែលប្រទេសនេះ ត្រូវបានគេគ្រោងនឹងទទួលពី ក្រុមហ៊ុនឱសថអង់គ្លេសមួយនេះ។
យោងតាមប្រភពដែលបានដឹង ពីបញ្ហានេះបានឲ្យដឹងថាក្រុមហ៊ុន JCR Pharmaceuticals Co នៅតំបន់ Hyogo ភាគខាងលិចប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងទទួលបន្ទុកក្នុងការ ផលិតនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។
នៅក្នុងនោះដែរក្រុមហ៊ុន AstraZeneca ត្រូវបានកំណត់ ដើម្បីផ្តល់នូវការចាក់ថ្នាំបង្ការចំនួន ១២០ លានដូស ឬគ្រប់គ្រាន់សម្រាប់ប្រជាជនប្រហែល ៦០លាននាក់ ចំពោះប្រទេសជប៉ុន។
លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យ បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការមានប្រព័ន្ធផលិតវ៉ាក់សាំង ដែលមាននៅក្នុងប្រទេសរបស់យើង” ។
លោក Kato បានបន្ថែមថា ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃពុធ បានជូនដំណឹងដល់ ក្រសួងសុខាភិបាលជប៉ុន អំពីផែនការរបស់ខ្លួន សម្រាប់ផលិតកម្មក្នុងស្រុក ហើយរដ្ឋាភិបាលផ្តល់ការ ឧបត្ថម្ភធនដល់ក្រុមហ៊ុន ដែលត្រៀមផលិតវ៉ាក់សាំងក្នុងស្រុក។
ក្នុងចំណោមវ៉ាក់សាំង ១២០ លានដូស ដើម្បីផ្គត់ផ្គង់ដោយក្រុមហ៊ុន AstraZeneca ចំនួន ៣០ លានដូស ដែលនៅសល់ត្រូវបានគេរំពឹងថា នឹងត្រូវបាននាំចូលទៅប្រទេសជប៉ុន នៅខែមីនា។ ការសិក្សាព្យាបាលវ៉ាក់សាំង AstraZeneca ដែលបានបង្កើតឡើងជាមួយសាកលវិទ្យាល័យ Oxford បានចាប់ផ្តើមនៅប្រទេសជប៉ុន កាលពីខែសីហា ៕
ដោយ ឈូក បូរ៉ា