ព័ត៌មានអន្តរជាតិ

Pfizer សន្យាបន្តផ្គត់ផ្គង់វ៉ាក់សាំង ទៅកាន់អ៊ីតាលី ទោះបីខ្លួនស្ថិតក្រោម ពាក្យបណ្តឹងក៏ដោយ 

រ៉ូម៖ ប្រធានផ្នែកអ៊ីតាលី នៃក្រុមហ៊ុនផលិតថ្នាំដ៏ធំ Pfizer ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកស្រី នឹងបន្តគោរពកិច្ចសន្យារបស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំងការពារមេរោគឆ្លង ទៅប្រទេសអ៊ីតាលី បើទោះបីជាប្រទេសអ៊ីតាលី អនុវត្តតាមផែនការរបស់ខ្លួន ក្នុងការប្តឹងក្រុមហ៊ុន Pfizer ពីបទមិនបានផ្តល់ការចាក់វ៉ាក់សាំងក៏ដោយ។

លោកស្រី Paivi Kerkola ប្រធាននាយកប្រតិបត្តិ (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន Pfizer Italia Srl បានប្រាប់កាសែតអ៊ីតាលី La Repubblica ថាក្រុមហ៊ុនរបស់លោកស្រី នឹងបន្តផ្គត់ផ្គង់វ៉ាក់សាំង ដូចដែលបានចែងដោយកិច្ចព្រមព្រៀងជាមួយគណៈកម្មការអឺរ៉ុប។  មន្រ្តី Pfizer Italia បានបញ្ជាក់ពីការលើកឡើងរបស់លោកស្រី Kerkola នៅពេលត្រូវបានទាក់ទងដោយស៊ីនហួ។

គណៈកម្មការអឺរ៉ុប បានបញ្ចប់កិច្ចព្រមព្រៀងផ្គត់ផ្គង់ ជាមួយក្រុមហ៊ុន Pfizer និងក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដទៃទៀតហើយវ៉ាក់សាំងទាំងនេះ នឹងត្រូវបានចែកចាយនៅក្នុង បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប។

ខណៈពេលដែលក្រុមហ៊ុន Pfizer និងដៃគូរបស់ខ្លួន គឺក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់ បានទទួលស្គាល់ថា មានការធ្លាក់ចុះនៃការផ្តល់វ៉ាក់សាំង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ លោកស្រី Kerkola បានលើកឡើងថា ការផ្គត់ផ្គង់នឹងវិលត្រឡប់ទៅរកកម្រិតធម្មតាវិញនៅសប្តាហ៍នេះ៕ដោយ ឈូក បូរ៉ា

To Top