ព័ត៌មានអន្តរជាតិ

អង់គ្លេស ចាប់ផ្តើមទិដ្ឋាការថ្មី សម្រាប់ពលរដ្ឋហុងកុង

បរទេស៖ ប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ បានប្រកាសថា ចាប់ផ្តើមពីថ្ងៃអាទិត្យទៅ ពលរដ្ឋហុងកុងរាប់លាននាក់ នឹងអាចដាក់ពាក្យស្នើសុំធ្វើការងារ ឬក៏រស់នៅក្នុងប្រទេសអង់គ្លេស ក្រោមទិដ្ឋាការថ្មីមួយ ដែលរដ្ឋាភិបាលបានបង្កើតឡើង ក្នុងដំណើរឆ្លើយតប ចំពោះការចេញច្បាប់សន្តិសុខជាតិរបស់ចិន កាលពីរដូវក្តៅឆ្នំាមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកនាយករដ្ឋមន្ត្រី Boris Johnson បានមានប្រសាសន៍ប្រាប់ថា លោកមានមោទនភាពជាខ្លាំង ចំពោះទិដ្ឋាការថ្មី សម្រាប់អ្នកកាន់លិខិតឆ្លងដែន Hong Kong British National (Overseas) ដែលផ្តល់ឲ្យដល់ពួកគេ នូវផ្លូវថ្មីនៃភាពជាពលរដ្ឋ។

លោកបានបន្ថែមទៀតថា “ក្នុងការធ្វើបែបនេះ យើងគោរពចំពោះចំណងមិត្តភាព ជាប្រវត្តិសាស្ត្រ និងភាពជាមិត្តយ៉ាងជ្រាលជ្រៅរបស់យើង ជាមួយប្រជាជនហុងកុង ហើយយើងក្រោបឈរឡើង ដើម្បីសេរីភាពនិងស្វយភាព ដែលមានតម្លៃទាំងចំពោះអង់គ្លេស និងហុងកុងជាទីគោរព”។

គួរបញ្ជាក់ថា ចាប់តាំងពីចិនបានដាក់ច្បាប់ថ្មីមក ប៉ូលិសនៅហុងកុង បានចាប់ខ្លួនអ្នកនយោបាយ គាំទ្រលទ្ធិប្រជាធិបតេយ្យ និងមេដឹកនាំប្រឆាំងនានាជាច្រើននាក់ ស្របពេល ដែលមានមនុស្សជាច្រើននាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីប្រទេស៕ ប្រែសម្រួល៖ប៉ាង កុង

To Top