ព័ត៌មានអន្តរជាតិ

អាមេរិកនិងចិន អាចនឹងជួបគ្នានៅសិង្ហបុរី

បរទេស៖ ប្រធានអង្គការរៀបចំ កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន អាចនឹងប្រារព្ធធ្វើកិច្ចប្រជុំមួយ ជាមួយសមភាគីចិន នៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសសិង្ហបុរី ក្នុងខែឧសភាខាងមុខ។

លោក Borge Brende តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នោះ នៅក្នុងកិច្ចពិភាក្សាគ្នាមួយ ជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ដែលបានអំពាវនាវ ឲ្យបង្កើនទំនាក់ទំនងឡើងវិញ រវាងមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ មានចំណងមិត្តភាព យ៉ាងជិតស្និទ្ធជាខ្លាំង ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក៏បានធ្វើការងារយ៉ាងល្អផងដែរ ជាមួយប្រទេសចិន។ កិច្ចប្រជុំប្រចាំឆ្នាំដ៏ពិសេស អាចនឹងជាកន្លែងមួយ ដែលអ្នកអាចនឹងឃើញរដ្ឋបាលថ្មី របស់លោក បៃដិន និងប្រទេសចិនជួបគ្នា”។

គួរបញ្ជាក់ថា កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនោះ ត្រូវបានផ្លាស់ប្តូរចេញពីទីក្រុង Davos ប្រទេសស្វីស មកកាន់ប្រទេសសិង្ហបុរី ជុំវិញក្តីព្រួយបារម្ភស្តីពីជម្ងឺកូវីដ១៩ នៅក្នុងតំបន់អឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង

To Top