បរទេស៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានមានប្រសាសន៍នៅថ្ងៃសុក្រថា លោកកំពុងតាមដានអំពីដំណើរ វិវត្តន៍នៃក្តីព្រួយបារម្ភដ៏ខ្លាំងក្លា នៅក្នុងប្រទេសមីយ៉ានម៉ា ជាទីដែលការភ័យខ្លាំងពីការគម្រាមកំហែង យោធានិងរដ្ឋប្រហារ បានគ្រប់ដណ្ដប់លើពិធីគ្រោងបើករដ្ឋសភា។
តាមសេចក្តីរាយការណ៍ ភាពតានតឹងកំពុងតែកើនកម្តៅខ្លាំងឡើង រវាងរដ្ឋាភិបាលស៊ីវិល និងយោធា នាពេលថ្មីៗនេះ បានបង្កឲ្យមានភាពភ័យខ្លាច អំពីការកើតមានរដ្ឋប្រហារ ក្រោយដំណើរការបោះឆ្នោតមួយ ដែលកងទ័ពនិយាយថា មានការក្លែងបន្លំ។
ទាហានមីយ៉ានម៉ានិយាយថា ខ្លួនគ្រោងនឹងចាត់វិធានការ ប្រសិនបើការតវ៉ារបស់ខ្លួន ស្តីពីការបោះឆ្នោត គឺមិនត្រូវបានដោះស្រាយទេនោះ ចំណែកមន្ត្រីនាំពាក្យមួយរូប នៅក្នុងសប្ដាហ៍នេះ បានបដិសេធចំពោះភាពអាចកើត មាននៃការដណ្ដើមអំណាច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Guterres បានអំពាវនាវឲ្យគូភាគីទាំងអស់ ចៀសវាងបង្កឲ្យមាន ទម្រង់ណាមួយនៃការញុះញង់ ការបង្កហេតុ បង្កាញភាពជាមេដឹកនាំ និងឲ្យប្រកាន់ខ្ជាប់នូវបទដ្ឋានលទ្ធិប្រជាធិបតេយ្យ និងគោរពលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី៨ ខែវិច្ឆិកា ៕
ប្រែសម្រួល៖ ប៉ាង កុង