បរទេស ៖ នៅថ្ងៃសុក្រក្រសួង សុខាភិបាល ប្រទេសវៀតណាម បានបញ្ជាឱ្យគ្រប់មន្ទីរ ពេទ្យទាំងអស់នៅទូទាំងប្រទេស ធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ ទៅលើបុគ្គលិកសុខាភិបាល ចំពេលមានការលេច ចេញជាថ្មីនៃវីរុសនេះ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការបញ្ជាបន្ទាន់នេះ បានកើតឡើងតែមួយថ្ងៃ បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញការឆ្លងវីរុសកូវីដ១៩ក្នុងសហគមន៍ចំនួន ៩៣ នាក់ ដែលភាគច្រើននៅខេត្ត ហាយដួង និងខេត្ត ក្វាងនិញ ក្រោយគ្មានការឆ្លង អស់រយៈពេល ៥៧ ថ្ងៃ។ អ្នកជំនាញវេជ្ជសាស្ត្ររាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ ដែលឆ្លងរោគនេះដើម្បីធ្វើការតាមដាន និងតេស្តិ៍ទ្រង់ទ្រាយធំ ដើម្បីការពារកុំអោយវីរុសឆ្លងរាលដាល។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោ ង្វៀនទ្រុងសុង បាននិយាយក្នុងសេចក្តីណែនាំថា មន្ទីរពេទ្យត្រូវមានកិច្ចសហការ ជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ ឬមន្ទីរពេទ្យ ដែលមានសមត្ថភាពធ្វើតេស្តសម្រាប់ Covid-19 ដោយប្រើប្រព័ន្ធ Realtime RT-PCR ដើម្បីប្រមូលសំណាកពីបុគ្គលិកពេទ្យ ទាំងអស់សម្រាប់ពិនិត្យ៕
ប្រែសម្រួលៈ ណៃ តុលា