បរទេស ៖ រដ្ឋសភារបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងពន្លឿនការអនុម័តថ្នាំវ៉ាក់សាំងកូវីដ១៩ ព្រមទាំងដាក់បម្រាមមិនឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងផលិតនៅក្នុងប្រទេសរុស្ស៊ី ។
រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា ខ្លួនរំពឹងទទួលបានថ្នាំវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer និង BioNTech 22UAy.DE ពី១០០.០០០ដូសទៅ២០០.០០០ដូស ក្រោមគម្រោងការណ៍ពិភពលោក COVAX ក្នុងខែកុម្ភៈ។
រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែន លោក Maksym Stepanov បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “កម្លាំងនយោបាយមួយ ត្រឹមតែបង្កើតឲ្យមានការវង្វេងស្មារតីខ្លះប៉ុណ្ណោះ ជុំវិញថ្នាំវ៉ាក់សាំងរុស្ស៊ី។ ខ្ញុំអាចនិយាយបានម្តងទៀតថា អ្នកអាចនឹងវង្វេងស្មារតីអស់រយៈពេលដ៏វែង គ្មានអ្នកណាម្នាក់នឹងចុះបញ្ជីថ្នាំវ៉ាក់សាំងរុស្ស៊ី នៅក្នុងប្រទេសនោះទេ”។
គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសអ៊ុយក្រែន នៅមិនទាន់មានថ្នាំវ៉ាក់សាំង ណាត្រូវបានអនុម័ត ឲ្យប្រើប្រាស់នៅឡើយនោះទេ ប៉ុន្តែអាជ្ញាធរបាននិយាយដដែលៗថា ទីក្រុងគៀវ នឹងមិនអនុម័ត ឬក៏ប្រើប្រាស់ថ្នាំវ៉ាក់សាំង ពីប្រទេសរុស្ស៊ីនោះឡើយ ៕
ប្រែសម្រួល៖ប៉ាង កុង