ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន ផ្អាកកិច្ចព្រមព្រៀងអាវុធ ជាមួយសហភាពអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការត្រួតពិនិត្យជាថ្មី

បរទេស៖ សេតវិមាន នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានបញ្ជាឲ្យធ្វើការផ្អាកលក់អាវុធនានា ដែលរួមបញ្ចូលទាំងការលក់អាវុធដ៏ចម្បង ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួម។

លោក Antony Blinken ជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថ្មី សម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានស្នើសុំឲ្យធ្វើការត្រួតពិនិត្យជាថ្មី ចំពោះការលក់អាវុធនានា ដែលរួមបញ្ចូលទាំងយន្តហោះដ៏ទំនើបបំផុត និងគ្រាប់ផលិតនៅសហរដ្ឋអាមេរិក។

ការលក់អាវុធផលិត ដោយសហរដ្ឋអាមេរិកថ្មីៗនេះ រួមមានប្រាក់៣០០លានដុល្លារសម្រាប់គ្រាប់ និង៣១ពាន់លានដុល្លារ សម្រាប់មីស៊ីលផលិតដោយក្រុមហ៊ុន ប៊ូអ៊ីង ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត និងលក់យន្តហោះ F-35 ១០ពាន់លានដុល្លារ មីស៊ីលវាយប្រហារពីអាកាស ទៅអាកាស១០ពាន់លានដុល្លារ និងកូនដ្រូន ២,៩៧ពាន់លានដុល្លារ MQ-9B Reaper ឲ្យទៅសហភាពអារ៉ាប់រួម។

នៅក្នុងសន្និសីទកាសែតមួយ លោក Antony Blinken បានមានប្រសាសន៍ថា “នៅពេលនិយាយដល់រឿងលក់អាវុធនោះ វាគឺជាតួយ៉ាង នៅពេលចាប់ផ្តើមរដ្ឋបាល ដើម្បីត្រួតពិនិត្យឡើងវិញ នូវការលក់ព្យួរទុកណាមួយ ធ្វើឲ្យជាក់ច្បាស់ថា អ្វីដែលកំពុងតែសម្រេចចិត្ត គឺជារឿងដែលអភិវឌ្ឍ ដល់គោលដៅយុទ្ធសាស្ត្ររបស់យើង និងជំរុញបង្កើន គោលនយោបាយបរទេសរបស់យើង ដូច្នោះនោះជាអ្វីដែលយើងនឹងធ្វើ នៅក្នុងពេលបច្ចុប្បន្ននេះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top