ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិកថ្មី ពិភាក្សាជាមួយអឺរ៉ុប ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់

បរទេស៖ ប្រសិតអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ថ្មី តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នា ជាមួយមន្ត្រីអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ ស្របពេលដែលសហរដ្ឋអាមេរិក ស្វះស្វែងរកវិធី ដើម្បីរក្សាកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបោះបង់ចោល។

ដោយនិយាយ ដល់កិច្ចសន្ទនាគ្នារបស់លោក ជាប្រេសិតពិសេសសហរដ្ឋអាមេរិក លោក Rob Malley ជាមួយប្រធានផ្នែកនយោបាយ របស់ក្រសួងការបរទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់នោះ ប្រភពការទូតអឺរ៉ុបមួយបានប្រាប់ថា “វាគឺដើម្បីប្រមូលផ្តុំទិន្នន័យ និងដើម្បីវាយតម្លៃអ្វីជាសភាព នៃគំនិតរបស់យើង”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលហៅផ្លូវការថា Joint Comprehensive Plan of Action នោះ គឺត្រូវបានធ្វើឡើង ដោយប្រទេសអ៊ីរ៉ង់ និងមហាអំណាចធំៗ៦ និងបានឲ្យអ៊ីរ៉ង់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែ ដើម្បីជាថ្នូរនៃការបន្ធូរបន្ថយទណ្ឌកម្ម ពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។

ការពិភាក្សាគ្នាជាមួយមន្ត្រីអង់គ្លេស បារាំង និងអាល្លឺម៉ង់នេះ ទំនងត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ ក្នុងកិច្ចប្រឹក្សា ដែលនឹងនាំយកប្រទេសចិននិងរុស្ស៊ី ដែលជាមហាអំណាចផ្សេងទៀត ចូលរួមនៅក្នុងកិច្ចព្រមព្រៀងនោះផង ហើយនៅទីបំផុតនោះ គឺប្រទេសអ៊ីរ៉ង់ខ្លួនឯង៕ ប្រែសម្រួល៖ប៉ាង កុង

To Top