ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ថា ចាប់ពីរសៀលថ្ងៃអាទិត្យនេះតទៅ ពលរដ្ឋនៅក្រុងហុងកុង អាចដាក់ពាក្យបានសម្រាប់ទិដ្ឋាការថ្មី ដែលផ្តល់ជូនពួកគេនូវឱកាស ដើម្បីក្លាយជាពលរដ្ឋអង់គ្លេស បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី កាលពីឆ្នាំមុននោះ ។
ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលប្រទេសចិន និងហុងកុង បាននិយាយថា ពួកគេនឹងលែងទទួលស្គាល់ លិខិតឆ្លងដែនជនជាតិអូស្រ្តាលី (BNO) ជាឯកសារធ្វើដំណើរដែលមាន សុពលភាពចាប់ពីថ្ងៃអាទិត្យទី៣១ ខែមករានេះតទៅ ។
អង់គ្លេស និងចិនបានឈ្លោះប្រកែកគ្នា អស់រយៈពេលជាច្រើនខែ អំពីអ្វីដែលទីក្រុងឡុងដ៏ និងក្រុងវ៉ាស៊ីនតោន បាននិយាយថា ជាការប៉ុនប៉ងដើម្បីបំបិទសំឡេង ប្រឆាំងនៅក្រុងហុងកុង បន្ទាប់ពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ ២០១៩ និងឆ្នាំ២០២០នោះ ។
អង់គ្លេសនិយាយថា ខ្លួនកំពុងបំពេញនូវការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រ និងសីលធម៌ចំពោះប្រជាជនហុងកុង បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ច្បាប់សន្តិសុខលើទីក្រុងពាក់កណ្តាល ស្វយ័តដែលអង់គ្លេសនិយាយថា រំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលអាណានិគម ត្រូវបានប្រគល់ឱ្យចិនវិញនៅឆ្នាំ១៩៩៧ ។
លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងឲ្យដឹងអំពីផែនការនេះនៅក្នុងសប្តាហ៍នេះថា “ យើងបានផ្តល់កិត្តិយសដល់ទំនាក់ទំនង យ៉ាងជ្រាលជ្រៅនៃប្រវត្តិសាស្ត្រ និងមិត្តភាពជាមួយប្រជាជនហុងកុង ហើយយើងបានក្រោកឈរដើម្បីសេរីភាព និងស្វ័យភាព” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា