ព័ត៌មានអន្តរជាតិ

ក្តៅគគុក! ក្រុមកម្មករ អន្តោប្រវេសន៍ នៅក្នុងប្រទេសថៃឡង់ដ៏ នាំគ្នាតវ៉ានឹងការធ្វើរដ្ឋប្រហារ ទម្លាក់មេដឹកនាំនៅមីយ៉ាន់ម៉ា

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមកម្មកររាប់រយនាក់ដែលជាអន្តោប្រវេសន៍ មកពីមីយ៉ាន់ម៉ា បម្រើការងារនៅក្នុងប្រទេសថៃឡង់ដ៏ បាននាំគ្នាឈរនៅមុខស្ថានទូត របស់ពួកគេកាលពីថ្ងៃចន្ទ ដោយឡើងទង់ជ័យគាំទ្រដល់មេដឹកនាំ អ៊ុង សានស៊ូជី បន្ទាប់ពីលោកស្រី ត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលរដ្ឋប្រហារដោយយោធា ។

យោធារបស់មីយ៉ាន់ម៉ា បានគ្រប់គ្រងអំណាចកាលពី ព្រឹកថ្ងៃចន្ទ ដោយបញ្ជូនខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដាក់ក្នុងមន្ទីរឃុំឃាំង និងធ្វើការប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន និងបានផ្ទេរអំណាចទៅឲ្យលោក Min Aung Hlaing អគ្គមេបញ្ជាយោធា ។

អ្នកតវ៉ាមួយរូបបានប្រាប់ដល់ ប្រព័ន្ធផ្សព្វផ្សាយនៅ ក្នុងប្រទេសថៃឡង់ដ៏ថា “ខ្ញុំភ្នាក់ឡើងនៅថ្ងៃនេះ ហើយបានឃើញព័ត៌មានដែលថា អ្នកម្តាយ អ៊ុងសាន ស៊ូជី ត្រូវបានចាប់ខ្លួន ។ ខ្ញុំចង់ឲ្យមានការដោះលែងរូបគាត់វិញ” ។

គាត់បាននិយាយថា “យោធាបានគ្រប់គ្រង ប្រទេសរបស់ យើងអស់រយៈពេល៥០ឆ្នាំមកហើយ ហើយយើងបានរងទុក្ខច្រើនណាស់មកហើយ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top