ព័ត៌មានអន្តរជាតិ

អាស៊ាន ជំរុញឱ្យមីយ៉ាន់ម៉ា ចរចាគ្នា ខណៈឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា លើកឡើងពីជំហររបស់ថៃ

បរទេស ៖ បណ្តាប្រទេស ជាសមាជិកអាស៊ាន បានតាមដានយ៉ាងដិត ដល់នូវការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ យោធានៅទីនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារបាននិយាយថា “ យើងសូមរំលឹកឡើងវិញ នូវគោលបំណង និងគោលការណ៍ ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ដែលរួមមានការប្រកាន់ខ្ជាប់ នូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ ការគោរព និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន” ។

“ យើងសូមបញ្ជាក់ម្តងទៀតថា ស្ថិរភាពនយោបាយ នៅក្នុងរដ្ឋជាសមាជិកអាស៊ាន គឺចាំបាច់ ដើម្បីសម្រេចបាននូវសហគមន៍ អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ យើងលើកទឹកចិត្តដល់ការបន្តការសន្ទនា ការផ្សះផ្សា និងការវិលត្រឡប់មករកភាពប្រក្រតីវិញ ស្របតាមឆន្ទៈនិងផលប្រយោជន៍ របស់ប្រជាជនមីយ៉ាន់ម៉ា។

ចំណែកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអត្ថាធិប្បាយអំពីជំហរ របស់ថៃ ចំពោះរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា ដោយនិយាយថា វាមានសារៈសំខាន់សម្រាប់ប្រជាជាតិ អាស៊ានដែលប្រកាន់ជំហររួម ។ លោកថា យើងជាប្រទេសជិតខាង យើងក៏ត្រូវស្តាប់គោល ជំហររបស់អាស៊ានដែរ។ ខ្ញុំមិនចង់ឲ្យជម្លោះណាមួយកើនឡើង ជាពិសេសនៅក្នុងប្រទេសថៃទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top