ព័ត៌មានអន្តរជាតិ

អគ្គមេបញ្ជាការ កងទ័ពមីយ៉ាន់ម៉ា ថាការបណ្ដេញរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី គឺមិនអាចជៀសផុតនោះទេ

យ៉ាំងហ្គោន៖ អគ្គមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ Min Aung Hlaing បានលើកឡើងថា ការបណ្តេញរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា ចេញពីតំណែង គឺមិនអាចជៀសផុតបាននោះទេ នៅពេលទីក្រុងវ៉ាស៊ីនតោន បានកំណត់ជាផ្លូវការ នូវការកាន់កាប់អំណាចនេះ ថាជាការធ្វើរដ្ឋប្រហារ។

យោធាដ៏មានឥទ្ធិពល របស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រទេសនេះកាលពីថ្ងៃច័ន្ទ នៅពេលដែលខ្លួនបានឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅក្នុងការវាយឆ្មក់មុនពេលថ្ងៃរះ មុនពេលការបន្តកិច្ចប្រជុំសភាឡើងវិញ។

នាយឧត្តមសេនីយ៍រូបនេះ ត្រូវបានផ្តល់ឱ្យ នូវអំណាចនីតិបញ្ញត្តិប្រព័ន្ធយុត្តិធម៌ និងនីតិប្រតិបត្តិ ដែលធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកការគ្រប់គ្រងយោធា ប្រកបដោយប្រសិទ្ធភាពវិញ បន្ទាប់ពីការសាកល្បងរយៈពេល ១០ ឆ្នាំជាមួយលទ្ធិប្រជាធិបតេយ្យ។

នៅក្នុងសេចក្តីអត្ថាធិប្បាយ ជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការដំឡើងខ្លួន ក្នុងតំណែងដឹកនាំរដ្ឋាភិបាល លោកឧត្តមសេនីយ៍បានឲ្យដឹងថា ការកាន់កាប់ដោយយោធាគឺ “ស្របតាមច្បាប់” បន្ទាប់ពីរដ្ឋាភិបាលបានបរាជ័យ ក្នុងការឆ្លើយតប ចំពោះបណ្តឹងរបស់ខ្លួន ជុំវិញការលួចបន្លំសន្លឹកឆ្នោត។

យោងតាមសុន្ទរកថាមួយ ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យោធា បានឲ្យដឹងថា“ បន្ទាប់ពីមានការស្នើសុំជាច្រើនវិធីនេះ មិនអាចជៀសផុត សម្រាប់ប្រទេសបាននោះទេ ហើយនោះជាមូលហេតុ ដែលយើងត្រូវជ្រើសរើសវា”៕ ដោយ៖ ឈូក បូរ៉ា

To Top