ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃពុធថា សហគមន៍អន្តរជាតិ គួរតែបង្កើតបរិយាកាស ខាងក្រៅដ៏ល្អ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយភាពខុសគ្នា នៅមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទ សារព័ត៌មានប្រចាំថ្ងៃនៅពេលឆ្លើយសំណួរ ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលប្រទេសនេះ កំពុងជួបនូវវិបត្ដិនយោបាយធ្ងន់ធ្ងរ ក្រោយយោធាធ្វើរដ្ឋប្រហារ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ។
លោកបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានធ្វើការពិគ្រោះយោបល់ផ្ទៃក្នុង ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយប្រទេសចិន បានចូលរួមប្រកបដោយការស្ថាបនា នៅក្នុងការពិភាក្សាពាក់ព័ន្ធ ។
លោកបានបន្ថែមថា សហគមន៍អន្តរជាតិ គួរតែបង្កើតបរិយាកាសខាងក្រៅដ៏ល្អ សម្រាប់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយភាពខុសគ្នា ។ រាល់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ គួរតែជួយដល់ស្ថិរភាពនយោបាយ និងសង្គមរបស់ប្រទេសមីយ៉ាន់ម៉ា ការផ្សះផ្សារដោយសន្តិវិធី និងចៀសវាងភាពតានតឹង កាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យ ស្ថានភាពកាន់តែស្មុគស្មាញថែមទៀត ។
លោកបានបន្ដទៀតថា ប្រទេសចិន មានការភ្ញាក់ផ្អើល និងតក់ស្លុត ចំពោះការលេចធ្លាយឯកសារផ្ទៃក្នុង ដែលកំពុងពិភាក្សា នៅក្នុងក្រុមប្រឹក្សាសន្តិសុខ។ លោកបានបន្ថែមថា នេះមិនមែនជារបៀបដែលក្រុមប្រឹក្សាសន្តិសុខ ដំណើរការការងាររបស់ខ្លួននោះទេ ហើយក៏មិនមែនជាអំណោយផល ដល់ការសាមគ្គីភាព និងការជឿទុកចិត្តគ្នារបស់សមាជិកក្រុមប្រឹក្សាសន្តិសុខផងដែរ ៕
ដោយ ឈូក បូរ៉ា