ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនលោក យ៉ាង ជីឈី នៅថ្ងៃអង្គារនេះបានអំពាវនាវឱ្យរដ្ឋបាល លោក បៃដិន ផ្តោតលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា លើចំណងទាក់ទងទ្វេភាគី ដើម្បីធ្វើឱ្យទំនាក់ទំនងនេះវិលត្រឡប់ ទៅរកទិសដៅនៃការអភិវឌ្ឍ ប្រកបដោយស្ថិរភាព។
លោកយ៉ាង សមាជិកការិយាល័យកណ្តាល នៃការិយាល័យ នយោបាយមជ្ឈិមបក្ស កុម្មុយនិស្តចិន បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សា ជាក់ស្តែងជាមួយសមាជិក ក្រុមប្រឹក្សានៃគណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក – ចិន ឲ្យដឹងថាទំនាក់ទំនងទ្វេភាគីឥឡូវនេះ “ឈរនៅពេលវេលាដ៏សំខាន់ និងឱកាសថ្មីៗ និងបញ្ហាប្រឈមថ្មីៗផងដែរ”។
វាជាកិច្ចការមួយសម្រាប់ទាំងចិន និងសហរដ្ឋអាមេរិក ដើម្បីស្តារទំនាក់ទំនង ឡើងវិញ ទៅរកផ្លូវដែលអាចព្យាករណ៍បាន និងមានលក្ខណៈស្ថាបនា និងដើម្បីកសាងគំរូ នៃអន្តរកម្មរវាង ប្រទេសធំទាំងពីរ ដែលផ្តោតលើការរួមរស់ ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ។
លោកយ៉ាង ដែលជាប្រធានការិយាល័យគណៈកម្មាធិការ កិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បានបញ្ជាក់បន្ថែមថា“ ខ្ញុំជឿថា នេះក៏ឆ្លើយតបទៅនឹងការរំពឹងទុក របស់បណ្តាប្រទេសនៅក្នុងសហគមន៍ ពិភពលោកផងដែរ”៕
ដោយ ឈូក បូរ៉ា