រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ពលរដ្ឋទាំងឡាយ អាចបន្តប្រើប្រាស់ក្រដាស ប្រាក់៥.០០០ និង១០.០០០ kyat (រូបិយប័ណ្ណមីយ៉ាន់ម៉ា) បានយ៉ាងត្រឹមត្រូវ ។
ក្រុមប្រឹក្សាបាននិយាយថា ពាក្យចចាមអារាមមួយចំនួន និងព័ត៌មានក្លែងក្លាយ ត្រូវបានគេចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ សង្គមអំពីការប្តូរតម្លៃនៃរូបិយប័ណ្ណ ដែលមានក្រដាសប្រាក់៥.០០០និង១០.០០០ kyat ដែលបានបោះពុម្ពដោយរដ្ឋជាផ្លូវការ ។
ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាល របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានប្រកាសថា ពលរដ្ឋទាំងឡាយ អាចបន្តប្រើប្រាស់ក្រដាសប្រាក់ ទាំងនោះដោយត្រឹមត្រូវ និងតាមសេវាកម្មធនាគារ ដោយកុំមានការព្រួយបារម្ភ ដែលប្រតិបត្តិការរបស់សេវាកម្មធនាគារ បានដំណើរការជាប្រក្រតី ។ ធនាគារកណ្តាល របស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើការផ្លាស់ប្តូរប្រព័ន្ធស្ថិរភាពនៃរូបិយវត្ថុ ដោយផ្អែកលើពាក្យចចាមអារាមទាំងនោះ ។
គេបានដឹងថា បណ្តាមេដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលជាបក្សកាន់អំណាចមកពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) ត្រូវបានឃាត់ខ្លួនដោយយោធា តែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃចន្ទ ។
ការិយាល័យប្រធានាធិបតី ក្រោយមកបានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ និងបានប្រគល់អំណាច ទៅឲ្យមេបញ្ជាការយោធាគ្រប់គ្រង ។ នេះបើយោងតាមសេចក្តី ថ្លែងការណ៍មួយចេញដោយយោធា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា