ព័ត៌មានអន្តរជាតិ

Update: វៀតណាម នឹងស៊ើបអង្កេតព័ត៌មានដែលថា ចិនកំពុងសាងសង់ មូលដ្ឋានបាញ់មីស៊ីល នៅជិតព្រំដែនរបស់ខ្លួន

បរទេស ៖ ក្រសួងការបរទេសវៀតណាម បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមនឹងផ្ទៀងផ្ទាត់ថា តើប្រទេសចិន កំពុងបញ្ចប់មូលដ្ឋាន មីស៊ីលបាញ់ ទៅលើអាកាសមួយ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីព្រំដែនប្រទេសវៀតណាម ឬយ៉ាងណា។

យោតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ឆ្លើយតបនឹងការសាកសួរ អំពីប្រទេសចិន ដែលបានដាក់ពង្រាយមូលដ្ឋានមីស៊ីល ប្រឆាំងអាកាស នៅក្បែរប្រទេសវៀតណាមមកនោះ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា“ យើងនឹងផ្ទៀងផ្ទាត់ព័ត៌មាននេះ” ។

គណនីធ្វីតទ័រនៃ ព័ត៌មានសមុទ្រចិន ខាងត្បូង ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលព្យាយាមលើកកម្ពស់ការយល់ដឹង និងការសិក្សាអំពីបញ្ហា សមុទ្រចិនខាងត្បូង ថ្មីៗនេះបានបង្ហោះរូបភាព ផ្កាយរណបមួយ ដែលបង្ហាញពីការបង្កើតមីស៊ីលបាញ់ទៅលើអាកាស ដែលកំពុងត្រូវបានបញ្ចប់ជាបណ្តើរ ៗហើយ នៅក្នុងតំបន់នីងមីង ខេត្តក្វាងស៊ីប្រទេសចិន ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនវៀតណាម។

រូបភាពបានបង្ហាញពីវត្តមានរបស់រ៉ាដា និងយ៉ាងហោចណាស់ ក៏មានជើងទម្របាញ់មីស៊ីលចំនួន ៦ នៅតាមបណ្តោយផ្លូវរត់យន្តហោះយោធា។ ទិន្នន័យផ្កាយរណបបានបង្ហាញថា មូលដ្ឋាននេះត្រូវបានសាងសង់តាំងពីខែមិថុនាឆ្នាំ ២០១៩ ។

អង្គការនេះបាននិយាយទៀតថា រចនាសម្ព័ន្ធមួយទៀតដែលគេសង្ស័យថាជាមូលដ្ឋានចុះចតនៃឧទ្ធម្ភាគចក្រ ក៏កំពុងត្រូវបានសាងសង់ប្រហែល ៦០ គីឡូម៉ែត្រពីព្រំដែនប្រទេសវៀតណាមដែរ៕

To Top