បរទេស ៖ របាយការណ៍មួយ ដែលប្រគល់ឲ្យរដ្ឋសភា នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គួរតែពន្យារពេលការដក កងទ័ពរបស់ខ្លួនទាំងស្រុង ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងធ្វើការកាត់បន្ថយកងកម្លាំង តាមការវិវត្តទៅមុខ ក្នុងកិច្ចពិភាក្សាសន្តិភាព ក៏ដូចជាដោយពួកតាលីបង់ កាត់បន្ថយអំពើហិង្សា និងទប់ទល់ពួកអាល់កៃដា ។
របាយការណ៍ដដែលនោះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនគួរបោះបង់ដំណើរការសន្តិភាព អាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែភាពជោគជ័យរបស់វា នឹងមិនសម្រេចនៅត្រឹមថ្ងៃទី០១ ខែឧសភា ដែលជាពេលផុតកំណត់កម្រិត ក្នុងកិច្ចព្រមព្រៀងអាមេរិក និងពួកតាលីបង់ក្នុងឆ្នាំ២០២០នោះទេ ។
យោងតាមរបាយការណ៍នោះ ការដកកងទ័ពសហរដ្ឋអាមេរិកទាំងស្រុង អាចនឹងនាំឲ្យមានសង្គ្រាមស៊ីវិល នៅប្រទេសអាហ្វហ្គានីស្ថាន បង្កអស្ថិរភាពដល់តំបន់ និងធ្វើឲ្យមានឡើងវិញ នូវការគម្រាមកំហែងពីពួកអាល់កៃដាន ។
ដោយបង្ហាញពីការរិះគន់ថា រដ្ឋបាលលោក ត្រាំ យល់ព្រមហួសហេតុចំពោះពួកបះបោរ ក្នុងគោលបំណងបញ្ចប់សង្គ្រាមដ៏វែងបំផុតរបស់អាមេរិកនោះ របាយការណ៍របស់ក្រុមសិក្សា អាហ្វហ្គានីស្ថានបាននិយាយថា សហរដ្ឋអាមេរិកមិនប្រគល់ជ័យជំនះងាយៗ ឲ្យទៅពួកាតាលីបង់នោះឡើយ៕
ប្រែសម្រួល៖ប៉ាង កុង