ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អភិវឌ្ឍរ៉ាដារយៈចម្ងាយឆ្ងាយ ដើម្បីបង្កើនសមត្ថភាព ការពារដែនអាកាស

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង នឹងអភិវឌ្ឍរ៉ាដារយៈចម្ងាយឆ្ងាយមួយ សម្រាប់ការពារដែនអាកាស ដើម្បីជំនួសឧបករណ៍ចាស់ៗ ដែលនាំចូលពីបរទេស។

ទីភ្នាក់ងារនេះបានឲ្យដឹងថា រដ្ឋបាលកម្មវិធីការទិញយក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤៦ពាន់លានវ៉ុន (៤១ លានដុល្លារ) ជាមួយក្រុមហ៊ុន LIG Nex1 Co សម្រាប់គម្រោងអភិវឌ្ឍន៍រយៈពេល ៤ ឆ្នាំ ដោយមានផែនការចាប់ផ្តើមដាក់ពង្រាយនៅឆ្នាំ២០២៧ ។

រ៉ាដានេះ អាចមានសមត្ថភាពតាមដាន និងកំណត់អត្តសញ្ញាណយន្តហោះ នៅតំបន់កំណត់អត្តសញ្ញាណការពារអាកាសកូរ៉េ (KADIZ) និងបញ្ជូនព័ត៌មានទៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងរាយការណ៍របស់កងទ័ពអាកាស សម្រាប់ប្រតិបត្តិការការពារជាតិ។

មុននេះរដ្ឋាភិបាលបានជំរុញ គម្រោងអភិវឌ្ឍន៍រ៉ាដារយៈចម្ងាយឆ្ងាយជាមួយ LIG Nex1 ប៉ុន្តែកម្មវិធីនេះត្រូវបានគេកាត់ចេញ ដោយសារអ្វីដែលកំពុងអភិវឌ្ឍ នៅពេលនេះមិនបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ ដែលត្រូវការ។

ក្រុមមន្រ្តីបានឲ្យដឹងថា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការទទួលខុសត្រូវរបស់ ក្រុមហ៊ុនរដ្ឋាភិបាលបានផ្តល់ប្រាក់កម្ចី ដល់គម្រោងអភិវឌ្ឍន៍ចំនួន ៦៥ ភាគរយនៅក្នុងគម្រោងអភិវឌ្ឍន៍រួមគ្នា ៕

ដោយ ឈូក បូរ៉ា

To Top