Covid-19

ឡាវ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ចំនួន ៣០ម៉ឺនដូស

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុង ប្រទេសពីរបានរាយការណ៍ថា ប្រទេសឡាវបានទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន ៣០ ម៉ឺនដូសដែលផលិតដោយ ក្រុមហ៊ុនយក្សចិន Sinopharm ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមចាក់ថ្នាំបង្ការជំងឺកូវីដ១៩រួចហើយ ទៅលើបុគ្គលិកពេទ្យជួរមុខចំនួន ៦០០ នាក់។ កាសែត Vientiane Times ជាភាសាអង់គ្លេស បានរាយការណ៍បន្ថែមថា កាលពីមុនប្រទេសឡាវបានទទួលវ៉ាក់សាំងចំនួន ២ ០០០ដូស ពីប្រទេសចិន និង វ៉ាក់សាំង Sputnik V របស់រុស្ស៊ីផងដែរ។

រដ្ឋមន្ត្រីសុខាភិបាលលោក Bounkong Syhavong ត្រូវបានគេដកស្រង់សំដី ដោយនិយាយនៅក្នុងកាសែតថា “វ៉ាក់សាំងទាំងនេះនឹងត្រូវផ្តល់ជូន បុគ្គលិកពេទ្យនិងបុគ្គលិកជួរមុខ ដែលប្រឈមនឹងហានិភ័យ នៅប្រទេសឡាវ” ។

ការបញ្ជូនវ៉ាក់សាំងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជូនវ៉ាក់សាំង Sinopharm ចំនួន ៦០០,០០០ ដូស ដល់ប្រទេសកម្ពុជា។

ដោយមានប្រជាជនប្រមាណជាង ៧ លាននាក់ ប្រជាជនឡាវដែនដីមិនជាប់សមុទ្រមួយនេះ បានរាយការណ៍ថា មានតែមនុស្សចំនួន ៤៥ នាក់ប៉ុណ្ណោះ ដែលឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top