ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឲ្យអនុវត្តយ៉ាងហ្មត់ចត់ នូវផែនការសេដ្ឋកិច្ច៥ឆ្នាំ

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យគណបក្ស ពលករកូរ៉េរបស់លោក ធ្វើការអនុវត្តយ៉ាងហ្មត់ចត់នូវ ផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ដែលបានបង្កើតឡើងនៅក្នុង សមាជបក្សដ៏កម្រកាលពីខែមុន។

ការប្រកាសនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលលោក គីម ជុងអ៊ុន ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្ដាលបក្ស កាលពីថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីសមាជដ៏កម្រកាលពីខែមករា ជាទីដែលលោកនិយាយថា ផែនការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំកន្លងទៅ បានទទួលបរាជ័យ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោកដឹកនាំកូរ៉េខាងជើងរូបនេះ បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះទំនោរនិងនិន្នាការអសកម្ម និងការពារខ្លួន ដែលបង្ហាញដោយស្ថាប័ន ណែនាំសេដ្ឋកិច្ចរដ្ឋនានា នៅក្នុងដំណើរកំណត់គោលដៅនាឆ្នាំនេះ។

លោកបានធ្វើការសង្កត់ធ្ងន់លើភាពចាំបាច់ ត្រូវផ្តល់ឲ្យសមាជិកបក្សនូវមធ្យោបាយ ដ៏ល្អចំពោះការច្នៃប្រឌិត ដែលនឹងជួយនាំឲ្យមានការផ្លាស់ប្តូរពិតប្រាកដ និងការរីកចម្រើនជានិរន្តរ៍ ចាប់តាំងពីឆ្នាំទីមួយនៃផែនការ ៥ឆ្នាំនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top