ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ៖ រុស្ស៊ីអាចនឹងប្រឈមមុខ នឹងទណ្ឌកម្មថ្មី

បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ របស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការព្រមានដល់ទីក្រុងមូស្គូថា វាអាចនឹងប្រឈម មុខទណ្ឌកម្មថ្មី ជុំវិញការឃុំខ្លួនមេដឹកនាំប្រឆាំង លោក Alexei Navalny និងពិពណ៌នារដ្ឋាភិបាល របស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ថាឃោរឃៅ ផ្តាច់ការ និងភ័យខ្លាចលទ្ធិប្រជាធិបតេយ្យ ។

លោក Josep Borrell តាមសេចក្តីរាយការណ៍ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Mកាលពីថ្ងៃសុក្រសប្ដាហ៍មុន ទៅកាន់ទីក្រុងមូស្គូ បានពង្រឹងទស្សនៈរបស់លោកថា រុស្ស៊ីចង់បែកចេញពីអឺរ៉ុប និងបំបែកបំបាក់លោកខាងលិច ។

លោក Borrell ដែលទទួលសុំឲ្យដោះលែង លោក Navalny នៅក្នុងទីក្រុងមូស្គូ និងស្វះស្វែងដើម្បីទៅសួរសុខទុក្ខលោក នៅក្នុងពន្ធនាគារនោះ បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលរុស្ស៊ី កំពុងតែធ្លាក់ចូលក្នុងដំណើរផ្លូវផ្ដាច់ការដ៏គួរឲ្យព្រួយបារម្ភ”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់លោក Borrell បានបង្ហាញឲ្យឃើញនូវការពង្រឹងឥរិយាបថសហភាពអឺរ៉ុប ចំពោះប្រទេសរុស្ស៊ី ដែលជាប្រទេសផ្តល់ថាមពលអគ្គិសនីធំមួយដល់អឺរ៉ុប ក្រោយរយៈពេលជាច្រើនឆ្នាំ នៃការស្វះស្វែងធ្វើចំណងមិត្តភាពឲ្យប្រសើរឡើង បើទោះជាលោកខាងលិចដាក់ទណ្ឌកម្ម នៅក្នុងឆ្នាំ២០១៤ក៏ដោយ៕
ប្រែសម្រួល៖ប៉ាង កុង

To Top