ព័ត៌មានអន្តរជាតិ

ចិនបង្កការគម្រាមកំហែង បែបយុទ្ធសាស្ត្រធ្ងន់ធ្ងរ ចំពោះកាណាដា

បរទេស ៖ ប្រធានទីភ្នាក់ងារចារកម្មកាណាដា នៅថ្ងៃអង្គារបាននិយាយថា ប្រទេសចិនបង្កការគម្រាមកំហែង បែបយុទ្ធសាស្ត្រធ្ងន់ធ្ងរ ដល់ប្រទេសកាណាដា ទាំងតាមរយៈការប៉ុនប៉ង លួចយការសម្ងាត់ និងយុទ្ធនាការសម្លុតគម្រាម សហគមន៍ចិន ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់ប្រធានសេវាកម្មចារកម្ម សន្តិសុខកាណាដា លោក David Vigneault គឺជាលើកទីពីរ ហើយក្នុងរយៈពេលពីរបីខែថា ទីក្រុងអូតាវ៉ា ដែលមានជម្លោះការទូត និងជំនួញធ្ងន់ធ្ងរជាមួយទីក្រុងប៉េកាំងនោះ បានចាត់ទុកប្រទេសចិន ជាអ្នកបង្កបញ្ហា ។

លោកបានថ្លែងយ៉ាងដូច្នេះថា “រដ្ឋាភិបាល នៃប្រទេសចិន កំពុងតែប្រើប្រាស់យុទ្ធសាស្ត្រសម្រាប់ ផលប្រយោជន៍ភូមិសាស្ត្រនយោបាយ លើគ្រប់ជ្រុងទាំងអស់ ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា នយោបាយ និងយោធា និង ប្រើប្រាស់គ្រប់កត្តា នៃអំណាចរដ្ឋ ដើម្បីធ្វើសកម្មភាពនានា ដែលបង្កការគម្រាមកំហែងដោយផ្ទាល់ ដល់សន្តិសុខ និងអធិបតេយ្យភាពជាតិ របស់យើង”។

លោក Vigneault ក៏បាននិយាយផងដែរថា ប្រទេសចិនបានប្រើប្រាស់ប្រតិបត្តិការ Fox Hunt ស្វែងរកនូវអ្វីដែលទីក្រុងប៉េកាំង និយាយថា ជាមន្ត្រីពុករលួយនិងអ្នកប្រតិបត្តិការ ដែលបានភៀសខ្លួន ទៅបរទេសជាមួយទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីធ្វើការគម្រាមកំហែង និងសម្លុតគម្រាមជាប្រក្រតី ដល់គូបដិបក្ខនយោបាយ នៅក្នុងប្រទេសកាណាដា៕
ប្រែសម្រួល៖ប៉ាង កុង

To Top