បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីការស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន ០១នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨០ នាក់ និង បានរកឃើញអ្នកឆ្លងជំងឺថ្មីចំនួន ១៥៧ នាក់ថែមទៀត ក្នុងនោះ ការឆ្លងក្នុងស្រុកចំនួន ១៤៤នាក់ និងការនាំចូល ១៣ នាក់ ដែលប្រទេសដៃ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានដល់ ២៣ ៩០៣នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា អ្នកស្លាប់ចុងក្រោយ គឺស្ត្រីជនជាតិថៃអាយុ ៦៥ ឆ្នាំ ដែលមានជំងឺសួតធ្ងន់ធ្ងរ, ជំងឺខ្សោយតំរងនោម និងមានកូឡេស្តេរ៉ុលខ្ពស់។
វេជ្ជបណ្ឌិត Taweesilp បាននិយាយថា ចាប់តាំងពីរលកថ្មីនៃជំងឺកូវីដ-19 ថ្មីបានចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ក្នុងប្រទេសថៃមក គឺមានមនុស្សប្រហែល ១០០ ០០០ នាក់ ត្រូវបានគេធ្វើតេស្តិ៍រកមេរោគ នៅខេត្តសាមុតសាខុន និងប្រហែល ៧ ០០០ នាក់ រកឃើញឆ្លងវីរុសនេះ៕
ប្រែសម្រួលៈ ណៃ តុលា