បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងជើង បាននិយាយថា ការហាមឃាត់ទាំងស្រុងលើការនាំចូល ដែលរួមមានទាំងគ្រឿងផ្គត់ផ្គង់សំខាន់ៗនោះ គឺត្រូវបានដាក់ឲ្យមានប្រសិទ្ធភាព ចាប់តាំងពីខែកញ្ញាមក ធ្វើឲ្យបុគ្គលិកនៅស្ថានទូតបរទេសនានា ធ្វើការដោះដូរសម្ភារៈផ្សេងៗ ដូចជាសម្លៀកបំពាក់ជាដើម នៅក្នុងសហគមន៍របស់ពួកគេ។
លោកឯកអគ្គរដ្ឋទូត Alexander Matsegora បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ក្រោយមានការកាត់បន្ថយលំហូចូល របស់មនុស្សនិងទំនិញ ដែលបានចាប់ផ្តើមក្នុងខែមករានោះ ជីវិតរស់នៅ គឺមិនងាយស្រួលនោះទេ សូម្បីតែសម្រាប់អង្គភាពការទូតបរទេស ដែលមានផាសុកភាព នៅក្នុងទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នៅតែជាប្រទេសក្រីក្រមួយ បន្ទាប់ពីថ្នាក់ដឹកនាំរបស់ប្រទេសនេះ បានសម្រេចចិត្ត ធ្វើការវិនិយោគទឹកប្រាក់ រាប់រយលានដុល្លារ ក្នុងការកសាងទីតាំងនុយក្លេអ៊ែ និងអាវុធផ្លោងនានា។
នៅក្នុងរបាយការណ៍សម្ងាត់ របស់អង្គការសហប្រជាជាតិ ដែលស៊ីអិនអិនទទួលបាន កាលពីថ្ងៃអង្គារ បានឲ្យដឹងថា កម្មវិធីអាវុធខុសច្បាប់កូរ៉េខាងជើង អាចនឹងកំពុងតែទទួលការផ្គត់ផ្គង់ពីក្រុមហ៊ែកឃើ ដែលលួចបានប្រាក់យ៉ាងច្រើន ប្រមាណ៣១៦,៤លានដុល្លារ នៅចន្លោះឆ្នាំ២០១៩ដល់ឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង