បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលថ្មីៗនេះ បានចេញបង្ហាញផ្លូវឲ្យ គណបក្សពលករកូរ៉េរបស់លោក ដើរជាមួយប្រទេសកូរ៉េខាងត្បូង និងកិច្ចការក្រៅប្រទេសនានា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយកាសែតកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ។
លោក គីម ជុងអ៊ុន កាលពីខែមុន បានស្នើអភិវឌ្ឍអាវុធនុយក្លេអ៊ែបន្ថែមទៀត និងបាននិយាយថា សហរដ្ឋអាមេរិក គឺជាសត្រូវដ៏ធំបំផុតរបស់កូរ៉េខាងជើង ហើយនេះគឺជាការប្រជែងដ៏ធំមួយ ចំពោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ត្រឹមតែពេលប៉ុន្មានថ្ងៃមុន លោកឡើងកាន់តំណែង។
ទន្ទឹមនឹងការលើកឡើង ពីការកំណត់រូបរាងថ្មី នៃចំណងមិត្តភាពជាមួយកូរ៉េខាងត្បូង ថាត្រូវការចាំបាច់ដោយស្ថានភាព និងពេលវេលាផ្លាស់ប្តូរនោះ មេដឹកនាំកូរ៉េខាងជើងរូបនោះ បានធ្វើការរិះគន់ទីក្រុងសេអ៊ូល សម្រាប់ការស្នើ ផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងចំណុចមិនមានមូលដ្ឋានគ្រឹះនានា ដូចជាជំនួយកូវីដ១៩ និងវិស័យទេសចរណ៍ ព្រមទាំងនិយាយថា កូរ៉េខាងត្បូងគួរតែឈប់ទិញអាវុធ និងធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិកទៀត។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ដែលបានពង្រឹងអំណាចរបស់លោក នៅក្នុងសមាជបក្សកាលពីខែមករា ដោយការបោះឆ្នោត ជាអគ្គលេខាធិការនោះ បានពិភាក្សាគ្នាបន្ថែមទៀត ស្តីពីផែនការគោលនយោបាយរយៈពេល៥ឆ្នាំ របស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទីពីរនៃកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃអង្គារ៕ ប្រែសម្រួល៖ប៉ាង កុង