រ៉ង់ហ្គូន៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា ដែលបានដណ្តើមអំណាចជាលើកដំបូងនៅក្នុងរដ្ឋប្រហារមួយបានលើកឡើងថា លោកបានទទួលលិខិតពីមេដឹកនាំរបបយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលស្នើសុំឱ្យជួយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់លោក។
លោកប្រាយុទ្ធ ដែលបានផ្តួលរំលំនាយករដ្ឋមន្រ្តីដែលបានជាប់ឆ្នោតកាលពីឆ្នាំ២០១៤ និងបានចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩ ដែលគូប្រជែងរបស់លោកលើកឡើងថា មានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរនោះ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកថា លោកតែងតែគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង។
កងទ័ពរបស់លោក Min Aung Hlaing បានផ្តួលរំលំមេដឹកនាំស៊ីវិល ដែលបានជាប់ឆ្នោតលោកស្រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ និងបានឃុំខ្លួនលោកស្រី ដោយចោទប្រកាន់ពីបទក្លែងបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលគណបក្សរបស់លោកស្រី បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្ដែគណៈកម្មការបោះឆ្នោតបានច្រានចោលការអះអាងរបស់កងទ័ព។
លោកប្រាយុទ្ធ ចាន់អូឆា បានលើកឡើងថា“ យើងគាំទ្រដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅថ្ងៃនេះ គឺរក្សាទំនាក់ទំនងល្អពីព្រោះវាជះឥទ្ធិពលដល់ប្រជាជន សេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រំដែនជាពិសេសនៅពេលនេះ” ។
លោកបានលើកឡើងថា“ ប្រទេសថៃ គាំទ្រដំណើរការប្រជាធិបតេយ្យ អ្វីដែលនៅសល់ គឺអាស្រ័យលើលោក ដែលសំដៅដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីមើលពីរបៀបដំណើរការ”
ចាប់តាំងពីរដ្ឋប្រហារមីយ៉ាន់ម៉ា ត្រូវបានជំរុញដោយបាតុកម្មធំបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ខណៈក្រុមអ្នកគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី បានប្រឆាំងនឹងរដ្ឋប្រហារ ដែលបានបញ្ឈប់ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលមួយទសវត្សរ៍។
ប្រទេសថៃបានឃើញការតវ៉ាដ៏ធំបំផុតរបស់ខ្លួននៅក្នុងទស្សវត្សចុងក្រោយនេះ ខណៈគូប្រជែងរបស់លោកប្រាយុទ្ធ បានទាមទារឱ្យលោកចុះចេញពីតំណែង ដោយចោទប្រកាន់លោកថា បានយកការបោះឆ្នោតចុងក្រោយ ដើម្បីបន្តការត្រួតត្រាខាងនយោបាយរបស់ថៃ ដោយកងទ័ព និងរាជានិយម៕ដោយ ឈូក បូរ៉ា