បរទេស៖ កងទ័ពអាមេរិកបាននិយាយ នៅពេលថ្មីៗនេះថា ខ្លួននឹងបញ្ជូនទាហានចំនួន២២២នាក់ ពីមូលដ្ឋានយោធា Fort Carson រដ្ឋកូឡូរ៉ាដូ ទៅកាន់ទីក្រុងឡូសអាន់ជ័រលេស ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលចាក់ថ្នាំវ៉ាក់សំាង កូវីដ១៩នៅទីនោះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អង្គភាពកងទ័ព នឹងធ្វើការត្រួតពិនិត្យប្រតិបត្តិការឆ្លើយតបជម្ងឺកូវីដ១៩របស់យោធា នៅក្នុងដំណើរគាំទ្រដល់កិច្ចប្រឹងប្រែងចាក់ថ្នាំវ៉ាក់សាំងថ្នាក់រដ្ឋនិងសហព័ន្ធ។
Laura J. Richardson បានមានប្រសាសន៍ថា “ការចាក់ថ្នាំ គឺការចាក់វ៉ាក់សាំង នៅត្រង់ដៃរបស់ប្រជាជន គឺជាបេសកកម្ម ហើយក្រុមការងារនេះ នៅទីនោះក្នុងនាមតំណាងឲ្យអភិបាលនិងរដ្ឋ មានសមត្ថភាពផ្តល់ការចាក់ថ្នាំវ៉ាក់សាំងដល់ប្រជាជនរាប់ពាន់នាក់ឡើងទៅ ជារៀងរាល់ថ្ងៃ”។
តាមសេចក្តីរាយការណ៍ ក្រុមការងារកងទ័ពនោះ នឹងចាប់ផ្តើមធ្វើការគាំទ្រមជ្ឈមណ្ឌលចាក់ថ្នាំវ៉ាក់សាំងរបស់ទីក្រុងឡូសអាន់ជ័រលេស រដ្ឋកាលីហ្វូញ៉ា របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នបន្ទាន់របស់សហព័ន្ធ៕