វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ កងកម្លាំងបើចាំបាច់ដើម្បីការពារប្រជាជន និងសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
លោកប្រធានាធិបតីបានឲ្យដឹងនៅក្នុង ដំណើរទស្សនកិច្ចនៅមន្ទីរប៉ង់តាហ្គោនថា “ក្នុងនាមជាមេបញ្ជាការរបស់អ្នក ខ្ញុំមិនដែលស្ទាក់ស្ទើរក្នុងការប្រើកងកម្លាំង ដើម្បីការពារផលប្រយោជន៍សំខាន់របស់ប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង នៅជុំវិញពិភពលោកនៅពេលចាំបាច់ឡើយ”។
លោកបានបន្ថែមថា“ បេសកកម្មដែលមិនអាចខ្វះបានរបស់ក្រសួងការពារជាតិ គឺដើម្បីទប់ស្កាត់ការឈ្លានពានពីសត្រូវរបស់យើង ហើយបើចាំបាច់ ដើម្បីប្រយុទ្ធ និងឈ្នះសង្គ្រាម ដើម្បីការពារអាមេរិកឱ្យមានសុវត្ថិភាព” ប៉ុន្ដែបើទោះយ៉ាងណាលោក បៃដិន បានលើកឡើងថា ការប្រើប្រាស់កងកម្លាំងត្រូវតែជាមធ្យោបាយចុងក្រោយ។
លោកបានថ្លែងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សមាជិកសេវាកម្មអាមេរិក និងមន្រ្តីការពារជាតិសហរដ្ឋអាមេរិកថា“ ខ្ញុំជឿជាក់ថាកងកម្លាំងគួរតែជាឧបករណ៍មួយនៃមធ្យោបាយចុងក្រោយមិនមែន ជាលើកទីមួយនោះទេ” ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់មន្ទីរបញ្ចកោណ គឺជាការកត់សម្គាល់លើកដំបូងរបស់លោកចាប់តាំងពីលោកបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា៕ដោយ ឈូក បូរ៉ា