ព័ត៌មានអន្តរជាតិ

ក្នុងជំនួបតាមទូរស័ព្ទ ជាមួយមេដឹកនាំចិន លោក ចូ បៃដិន លើកយកបញ្ហាធំៗ ចំនួន ៤ទៅពិភាក្សា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើង ទៅកាន់លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង នូវបញ្ហាដ៏ច្របូក ច្របល់មួយចំនួន រួមទាំងការរំលោភសិទ្ធិមនុស្ស ក្នុងកំឡុងពេលជួបជជែក តាមទូរស័ព្ទលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក ចូលកាន់តំណែងកាលពីខែមុន ប៉ុន្តែមេដឹកនាំទាំងពីរ ក៏បានបង្ហាញសញ្ញាថា នឹងនៅតែបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ។

លោក ចូ បៃដិន បានគូសបញ្ជាក់ពី“ ក្តីបារម្ភជាមូលដ្ឋាន” របស់លោក អំពីអ្វីដែលសហរដ្ឋអាមេរិក ចាត់ទុកថា ជាការអនុវត្តសេដ្ឋកិច្ចអយុត្តិធម៌របស់ទីក្រុងប៉េកាំង ការបង្ក្រាបលើទីក្រុងហុងកុង ការរំលោភសិទ្ធិមនុស្សប្រឆាំង នឹងជនជាតិភាគតិច អ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង និង“ សកម្មភាពកាន់តែខ្លាំងឡើង” នៅក្នុងតំបន់ផ្សេងទៀត រាប់បញ្ចូលកោះតៃវ៉ាន់ នេះបើយោងតាមសេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

លោកក៏បានបញ្ជាក់ផងដែរថា ការថែរក្សាឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ គឺជាអាទិភាពមួយក្នុង ចំណោមអាទិភាពរបស់លោក ដោយយោងទៅលើគំនិតមួយ ដែលត្រូវបានបន្តដោយសហរដ្ឋអាមេរិក ជប៉ុន និងសម្ព័ន្ធមិត្តដទៃទៀត របស់សហរដ្ឋអាមេរិក ចំពេលមានការទាក់ទងគ្នារបស់ចិន។

ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា លោកបានប្រាប់ប្រមុខរដ្ឋចិនលោក ស៊ី ជីនពីង ថាលោកនឹង “ធ្វើការជាមួយប្រទេសចិន នៅពេលវាផ្តល់ផលប្រយោជន៍ ដល់ប្រជាជនអាមេរិក” ។

សេតវិមានបានឲ្យដឹងថា មេដឹកនាំទាំងពីរក៏ បានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីការដោះស្រាយជាមួយនឹងជំងឺរាតត្បាត និងការប្រឈមរួមគ្នានៃសន្តិសុខ សុខភាព ការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការរីកសាយអាវុធ។

ប្រភពព័ត៌មានបានបញ្ជាក់ថា”លោកបៃដិន បានប្តេជ្ញាចិត្ត ដើម្បីស្វែងរកការចូលរួមជាក់ស្តែង ដែលផ្តោតលើលទ្ធផលនៅពេលខ្លួនលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង”៕

ដោយ ឈូក បូរ៉ា

To Top