ព័ត៌មានអន្តរជាតិ

មនុស្សរាប់ម៉ឺននាក់ ធ្វើការតវ៉ាប្រឆាំង រដ្ឋប្រហារមីយ៉ានម៉ា

បរទេស ៖ អ្នកតវ៉ារាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ បានដើរដង្ហែរក្បួន តាមដងផ្លូវ នៅក្នុងទីក្រុងធំៗ របស់ប្រទេសមីយ៉ានម៉ា សម្រាប់ថ្ងៃទី៩ នៃបាតុកម្មប្រឆាំងរដ្ឋប្រហារ នៅថ្ងៃអាទិត្យនេះ ក្រោយរាត្រីនៃការភ័យខ្លាច ដោយអ្នកស្រុកធ្វើការល្បាត និងកងទ័ពបានវិលទៅរកច្បាប់ ដែលការពារសេរីភាពវិញ ។

និស្សិតផ្នែកវិស្វកម្ម បានដើរដង្ហែរក្បួនកាត់តាមទីក្រុងយ៉ាងហ្គូន ដែលជាទីក្រុងធំបំផុតក្នុងប្រទេស ដោយស្លៀកពាក់សនិងកាន់ប្រកាស ទាមទារឲ្យដោះលែងអតីតមេដឹកនាំ លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវគេចាប់ឃុំខ្លួន ចាប់តាំងពីយោធាមីយ៉ានម៉ា បានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី កាលពីថ្ងៃទី០១ ខែកុម្ភៈ ។

សកម្មជន លោក Wai Hnin Pwint Thon មកពីក្រុមសិទ្ធិមនុស្ស Burma Campaign UK មានមូលដ្ឋាននៅអង់គ្លេស បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ក្នុងខណៈសហគមន៍អន្តរជាតិ កំពុងតែធ្វើការថ្កោលទោសរដ្ឋប្រហារនោះ លោក Min Aung Hlaing (មេទាហាន) កំពុងតែប្រើប្រាស់គ្រប់មធ្យោបាយ ដែលលោកមាន ដើម្បីបង្កឲ្យមានការភ័យខ្លាចនិងអស្ថិរភាព”។

គួរបញ្ជាក់ថា ក្រុមឃ្លាំមើល គឺសមាគមជួយដល់អ្នកទោសនយោបាយ បាននិយាយប្រាប់ថា ចាប់តាំងពីមានរដ្ឋប្រហារមក នៅក្នុងប្រទេសមីយ៉ានម៉ា មានមនុស្សជាង៣៨៤នាក់ហើយ ត្រូវបានគេចាប់ឃុំខ្លួន ៕ ប្រែសម្រួល៖ប៉ាង កុង

To Top