ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្វាគមន៍កាតា ចំពោះកិច្ចខិតខំប្រឹងប្រែង ដល់ការស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានស្វាគមន៍ នូវកិច្ចខិតខំប្រឹងប្រែងរបស់កាតា ដើម្បីសម្រួលដល់ការស្តារ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ ដែលធ្វើឡើង ដោយរដ្ឋមន្រ្តីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani ដែលបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ប្រទេសកាតា ពិតជាស្ថិតនៅក្នុងចំណោម មិត្តជិតស្និទ្ធរបស់អ៊ីរ៉ង់ នៅក្នុងតំបន់។

អ្នកនាំពាក្យអ៊ីរ៉ង់រូបនេះ បានបន្ថែមទៀតថា តែងតែមានការពិគ្រោះយោបល់ យ៉ាងជិតស្និទ្ធបំផុត រវាងអ៊ីរ៉ង់ និងកាតា នៅគ្រប់កម្រិត។

IRNA បានរាយការណ៍ថា ក្រោយមកនៅថ្ងៃនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជួបជាមួយសមភាគីកាតា របស់លោកនៅទីក្រុងតេអេរ៉ង់ ដែលកំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសកាតា។

នៅក្នុងជំនួបនេះ លោកបានអបអរសាទរ ចំពោះភាពជោគជ័យរបស់ប្រទេសកាតា ក្នុងការបញ្ចប់នូវការបិទផ្លូវការទូត និងសេដ្ឋកិច្ច ដែលមានរយៈពេលមួយឆ្នាំ ដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ព្រមទាំង បានសម្តែងការត្រៀមខ្លួនរបស់អ៊ីរ៉ង់ សម្រាប់ទំនាក់ទំនងទ្វេភាគីថែមទៀត។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហា ដែលមិនទាន់សម្រេច និងឈានដល់ការរៀបចំតំបន់មានស្ថេរភាព ដោយបន្ថែមចំណងមិត្តភាពអ៊ីរ៉ង់ – កាតា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងបញ្ហានេះ៕ ដោយ ៖ ឈូក បូរ៉ា

To Top