ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ យោធាមីយ៉ាន់ម៉ា៖ គោលបំណង របស់យើងគឺ រៀបចំ ការបោះឆ្នោត និងប្រគល់អំណាច ដល់គណបក្ស ដែលឈ្នះ

បរទេស៖ យោធាមីយ៉ាន់ម៉ាក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលត្រូវបានអនុម័តបន្ទាប់ពីការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញដែលបានធ្វើឡើងក្នុងឆ្នាំដដែលនោះ។ អ្នកនាំពាក្យកម្លាំងយោធាមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ា គ្មានជំរើសក្រៅពីរឹបអូស យកអំណាច ដោយទទូចថា វាមិនមែនជារដ្ឋប្រហារទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ឧត្តមសេនីយ៍ Zaw Min Tun ថា ការឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលគឺ ត្រឹមត្រូវ និងសមហេតុផល។

ឧត្តមសេនីយ៍ឯក Zaw Min Tun បានប្រាប់សន្និសីទកាសែតថា “ គោលបំណងរបស់យើងគឺរៀបចំការបោះឆ្នោត និងប្រគល់អំណាចដល់គណបក្សដែលឈ្នះ” ។

ការអត្ថាធិប្បាយលើការតវ៉ាចុងក្រោយ នៅក្នុងទីក្រុងយ៉ាំងហ្គន របស់ប្រទេសមីយ៉ាន់ម៉ា អ្នកនាំពាក្យបានកត់សម្គាល់ថា ក្រុមអ្នកតវ៉ាបានញុះញង់ឱ្យមានអំពើហឹង្សាប្រឆាំងនឹងប៉ូលីសក្នុងអំឡុងពេលប្រមូលផ្តុំគ្នា។ អ្នកនាំពាក្យបានបន្ថែមថា ក្នុងអំឡុងពេលនៃការវាយប្រហារ គឺមានមន្រ្តីប៉ូលីសម្នាក់ បានស្លាប់ដោយសាររបួស៕ប្រែសម្រួលៈ ណៃ តុលា

To Top