ព័ត៌មានអន្តរជាតិ

អាមេរិក៖កូរ៉េខាងជើង គឺជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក

បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា កម្មវិធីអាវុធនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង គឺជាអាទិភាពបន្ទាន់មួយសម្រាប់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាលុបបំបាត់ អាវុធនុយក្លេអ៊ែរបស់ប្រទេសនេះ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងប្រាប់ថា កង្វះការចូលពាក់ព័ន្ធដោយផ្ទាល់របស់រដ្ឋបាលលោក បៃដិន ជាមួយប្រទេសកូរ៉េខាងជើង មិនគួរមើលឃើញថា ជាការបង្ហាញមួយដែលថា ភាពលំបាកបង្កឡើង​​ ដោយកម្មវិធីអាវុធរបស់កូរ៉េខាងជើង មិនមែនជាអាទិភាពនោះទេ។

លោកបានបន្តថា ប្រទេសកូរ៉េខាងជើង បានបន្តធ្វើការអភិវឌ្ឍក្នុងកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលរបស់ខ្លួន នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឲ្យរឿងនេះក្លាយជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក និងជារឿងមួយដែលទីក្រុងវ៉ាស៊ីតោន ប្តេជ្ញាធ្វើការដោះស្រាយរួមគ្នា ជាមួយសម្ពន្ធមិត្តនិងដៃគូនានា។

គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា ខ្លួនកំពុងតែធ្វើការត្រួតពិនិត្យទាំងស្រុង នូវគោលនយោបាយកូរ៉េខាងជើង ក្នុងកិច្ចប្រឹក្សាគ្នាជាមួយសម្ពន្ធមិត្ត ជាពិសេសគឺប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន៕ប្រែសម្រួល៖ប៉ាង កុង

To Top