ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យជប៉ុន និងអឺរ៉ុប ជួយបញ្ចុះបញ្ចូលអាមេរិក ឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់

តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា លោកសង្ឃឹមថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុបនឹងបញ្ចុះបញ្ចូលប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកគឺលោក ចូ បៃដិន ឱ្យដកទណ្ឌកម្មសេដ្ឋកិច្ច ដែលដាក់លើទីក្រុងតេអេរ៉ង់ ដោយអ្នកកាន់តំណែងមុន របស់អាមេរិកលោកដូណាល់ត្រាំ។

ការកត់សម្គាល់របស់លោក Mohammad Javad Zarif នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូ កាលពីថ្ងៃអាទិត្យហាក់ដូចជា មានគោលបំណងក្នុងការពន្លឿន ការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន ដែលមានបំណងវិលត្រឡប់ ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ និងបន្តការសន្ទនាគ្នាជាមួយអ៊ីរ៉ង់។

ដោយហៅជប៉ុនថា ជាមិត្តចាស់របស់អ៊ីរ៉ង់ និងកត់សម្គាល់ទំនាក់ទំនងល្អ របស់ខ្លួនជាមួយសហរដ្ឋអាមេរិក លោកបានលើកឡើងថា “យើងរំពឹងថា ជប៉ុននឹងធ្វើជាមិត្តភក្តិជាពិសេស នៅពេលមានច្បាប់អន្តរជាតិ” ដោយបង្ហាញថា ការដាក់ទណ្ឌកម្មឡើងវិញ របស់ទីក្រុងវ៉ាស៊ីនតោន ក្រោយពីដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ នៅឆ្នាំ ២០១៨ គឺខុសច្បាប់។

លោកបានបន្ថែមថា “ដោយសារតែសហរដ្ឋអាមេរិក កំពុងរំលោភបំពានលើច្បាប់អន្តរជាតិ តួនាទីដ៏ល្អបំផុត ដែលជប៉ុនអាចដើរតួរគឺ បង្ហាញជនជាតិអាមេរិកថា ជប៉ុន នឹងមិនអនុវត្តសេចក្តីសម្រេច ចិត្តខុសច្បាប់របស់ពួកគេឡើយ” ។

លោក Zarif បានអំពាវនាវជាពិសេសដល់ប្រទេសជប៉ុន មិនត្រូវបង្កកលើទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលជាប់គាំងនៅក្នុងធនាគារជប៉ុន ដោយសារតែការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលជាកាយវិការមួយចំពោះប្រទេសអ៊ីរ៉ង់ ដោយរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ដែលបានឡើងកាន់អំណាចកាលពីខែកញ្ញា។

គួរបញ្ជាក់ថា ទ្រព្យសម្បត្តិដែលត្រូវបង្កក នៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង មានចំនួនជិត ១០ ពាន់លានដុល្លារ។ ចំណែករបស់ជប៉ុន ដែលភាគច្រើនជាប្រាក់ចំណូល ពីការនាំចេញប្រេងឆៅទៅប្រទេសជប៉ុន ត្រូវបានគេប៉ាន់ស្មានថា មានចំនួនក្រោម ៣ពាន់លានដុល្លារ ៕

ដោយ ឈូក បូរ៉ា

To Top