ព័ត៌មានអន្តរជាតិ

សិង្ហបុរីនិយាយថា ស្ថានភាពនៅ មីយ៉ាន់ម៉ា គួរឲ្យបារម្ភតែមិនដល់ ថ្នាក់ដាក់ ទណ្ឌកម្មនោះទេ

បរទេស៖ កាសែតបាងកកប៉ុស្តី៍ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេស សិង្ហបុរីបានបង្ហាញ ជំហមិនគាំទ្រឡើយទៅរាល់ចំណាត់ ការណាមួយ ដែលនឹងអាចឈានទៅដល់ការដាក់ ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសមីយ៉ាន់ម៉ា នៅក្នុងពេលនេះ។

លោករដ្ឋមន្រ្តីក្រសួងការបទេស របស់ប្រទេសសិង្ហបុរីនៅថ្ងៃនេះ បាននិយាយថា ស្ថានភាពបច្ចុប្បន្នរបស់មីយ់ាន់ម៉ា ពិតជាគួរឲ្យព្រួយបារម្ភពិតមែន នៅក្រោយការធ្វើ រដ្ឋប្រហារប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក មិនបានគាំទ្រដល់ការដាក់ទណ្ឌកម្មណា មួយប្រឆាំងនឹងមីយ៉ាន់ម៉ា ឡើយពីព្រោះថាវា នឹងអាចធ្វើឲ្យប៉ះពាល់ និងឈឺចាប់សម្រាប់ប្រជាពលរដ្ឋទូទៅច្រើនជាង។

ថ្លែងនៅក្នុងកិច្ចប្រជុំសភាលោក Vivian Balakrishnan បាននិយាយដោយ សង្ឃឹមថាទាំងលោកស្រី Aung San Suu Kyi និងមេដឹកនាំ នយោបាយផ្សេងទៀត នឹងត្រូវបានដោះលែងវិញ ក្នុងពេលឆាប់ៗ ដូចនេះ ពួកគេនឹងអាចធ្វើការចរចាគ្នាជាមួយ នឹងក្រុមប្រឹក្សាភិបាលនៃកងកម្លាំងយោធា។

លោក Balakrishnan បានបញ្ជាក់ទៀតថា សិង្ហបុរីគឺជាអ្នកវិនិយោគធំបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាអ្នកដែលមានការព្រួយបារម្ភខ្លាំង ជាងគេ ចំពោះស្ថានភាពនេះ ជាពិសេសសកម្មភាពចុងក្រោយ នៃការប៉ះទង្គិចគ្នាខ្លាំងៗ ការចាប់ខ្លួនពលរដ្ឋស៊ីវិលការបិទអ៊ីនធឺណេត និងការដាក់ពង្រាយកងទ័ព ជាដើមនៅតាមទីក្រុងនានា៕

ប្រែសម្រួល៖ស៊ុនលី

To Top