Covid-19

កាណាដា កំពុងកើនឡើងនៃ ករណីឆ្លង មេរោគកូវីដ-១៩ ទម្រង់ថ្មី

អូតាវ៉ា៖ ប្រទេសកាណាដា បានបង្ហាញពីការធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយគិតជាមធ្យមរយៈពេល ៧ ថ្ងៃរបស់ជាតិ បានធ្លាក់ចុះពី ៨០០០ ករណីប្រចាំថ្ងៃ នៅដើមខែមករា ដល់ ៣,០០០ ករណី នៅចុងសប្តាហ៍ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់។

ទីភ្នាក់ងារសុខភាពសាធារណៈនៃប្រទេសកាណាដា បានឲ្យដឹងថា“ សរុបមកសកម្មភាពជំងឺនិងលទ្ធផលធ្ងន់ធ្ងរកំពុងបន្តធ្លាក់ចុះនៅទូទាំងប្រទេស ហើយឥឡូវនេះមានករណីសកម្មតិចជាង ៣៥,៧០០ ករណីនៅទូទាំងប្រទេស” ។

ទោះជាយ៉ាងណាប្រធានផ្នែកសុខភាពសាធារណៈរបស់កាណាដា លោកស្រី Theresa Tam បានកត់សម្គាល់នៅថ្ងៃអង្គារម្សិលមិញនេះថា ជំងឺកូវីដ-១៩ បានវិលត្រឡប់មកវិញដោយលើកឡើងថា“ ក្នុងរយៈពេល ២ ខែកន្លងមកនេះជំងឺឆ្លងទម្រង់ថ្មី ដែលមានការរីករាលដាលកាន់តែច្រើនបានលេចចេញនៅក្នុងប្រទេសកាណាដាហើយឥឡូវនេះលេចចេញនៅគ្រប់ទាំង ១០ ខេត្តរបស់ប្រទេសនេះហើយ”

រហូតមកដល់ថ្ងៃអង្គារម្សិលមិញនេះ ប្រទេសកាណាដា មានករណីចម្លងវីរុស B.1.1.7 ច្រើនជាង ៥៤០ ករណី ដែលដំបូងឡើយទម្រង់ថ្មីនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ៣៣ ករណីនៃប្រភេទ B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង និង ១ ករណីនៃវីរុស P.1 បានរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តមានការព្រួយបារម្ភថាការចាក់វ៉ាក់សាំង នឹងមិនអាចមានលទ្ធភាពទប់ស្កាត់រីករាលដាលនៃការឆ្លងវីរុសនេះបាននោះទេ ខណៈដែលផ្នែកខ្លះនៃប្រទេសចាប់ផ្តើមបើកដំណើរការឡើងវិញយឺតៗ មកវិញទៅហើយ។

នាយករដ្ឋមន្រ្តីកាណាដា បានសន្យាថា ប្រជាជនកាណាដាទាំងអស់ ដែលចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងអាចធ្វើបាននៅខែកញ្ញា ឆ្នាំ ២០២១ ដោយប្រទេសនេះមានប្រជាជនប្រមាណ ៣៨ លាននាក់នៅក្នុងខេត្តចំនួន ១០ និងទឹកដីចំនួន ៣ ៕

ដោយ ឈូក បូរ៉ា

To Top