បរទេស៖ ភរិយារបស់លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង គឺលោកស្រី Ri Sol Ju ត្រូវបានគេឃើញចុងក្រោយ កាលពីខែមករាឆ្នាំ ២០២០ នៅពេលដែលលោកស្រី បានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ជាសាធារណៈជាមួយស្វាមី របស់លោកស្រី នៅឯមហោស្រព Samjiyon ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រូបថតដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានបង្ហាញរូបភាពទាំងលោក គីម ជុងអ៊ុន និង ភរិយា គឺលោកស្រី Ri Sol Ju ពេលកំពុងមើលការសម្តែង ដើម្បីរំលឹកដល់ឪពុក របស់លោកគីមដែលជាអតីតមេដឹកនាំកំពូល របស់កូរ៉េខាងជើង គឺលោកគីម ជុងអ៊ីល។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅមហោស្រពសិល្បៈ Mansudae ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដែលជាព្រឹត្តិការណ៍សាធារណៈលើកដំបូងសម្រាប់លោកស្រី Ri ចាប់តាំងពីបានរួមដំណើរជាមួយស្វាមី លោកស្រីក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មី នៅខែមករាឆ្នាំ ២០២០ ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិ របស់កូរ៉េខាងត្បូងជឿជាក់ថា លោកស្រី Ry បានត្រលប់មកវិញនូវការបង្ហាញ ខ្លួនជាសាធារណៈរបស់នាង ដោយសារតែមេរោគកូរ៉ូណា៕
ប្រែសម្រួលៈ ណៃ តុលា