បរទេស ៖ អ្នកនាំពាក្យក្រសួងការ បរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារ ក្រសួងការបរទេស បានអនុញ្ញាតឱ្យបុគ្គលិក និងក្រុមគ្រួសារបុគ្គលិក ដែលមិនមានភាពអាសន្ន ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលមានភាពចលាចល ផ្នែកនយោបាយ នៅក្នុងប្រទេសនេះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Ned Priceថា « សុវត្ថិភាពនិងសន្តិសុខ របស់ប្រជាជនរបស់យើង និងពលរដ្ឋអាមេរិកនៅក្រៅប្រទេស គឺជាអាទិភាពកំពូលសម្រាប់យើង ។ ហេតុដូច្នេះហើយបានជានៅថ្ងៃទី ១៤ ខែកុម្ភៈ ក្រសួងបានអនុញ្ញាត ឱ្យមានការចាកចេញ ដោយស្ម័គ្រចិត្ត របស់សមាជិកគ្រួសារ និងបុគ្គលិករដ្ឋាភិបាលអាមេរិក ដែលមិនមានភាព អាសន្ននៅក្នុងប្រទេសភូមា។ សមាជិកគ្រួសារមានជំរើសក្នុងការ ចាកចេញប្រសិនបើពួកគេចង់បាន ។
លោកបានបន្ថែមថា ស្ថានភាពនឹងត្រូវពិនិត្យឡើងវិញរៀងរាល់ ៣០ ថ្ងៃម្តង និងដំណើរការស្របពេលជាមួយ នឹងការវាយតម្លៃថេរ នៃស្ថានភាពសន្តិសុខ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សូមជម្រាបថា កាលពីដើមខែនេះយោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាល និងបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ មុនពេលសភាដែល ទើបជាប់ឆ្នោតថ្មីត្រូវកោះប្រជុំ ។ ទីប្រឹក្សារដ្ឋ គឺលោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី Win Myint រួមជាមួយមន្ត្រីកំពូល ៗ ផ្សេងទៀតដែលរងការចោទ ប្រកាន់ពីបទបន្លំសន្លឹកឆ្នោតនោះ គឺត្រូវបានឃុំខ្លួនក្នុងផ្ទះ។ ព្រឹត្តិការណ៍នេះបានបង្កឱ្យ មានការថ្កោលទោស ពីអន្តរជាតិ ផងដែរ ដោយក្នុងនោះ មានដូចជាការតវ៉ាក្នុងស្រុក ក្នុងប្រទេសមីយ៉ាន់ម៉ាផង៕